ប្រទេសណាតូធ្វើសមយុទ្ធនុយក្លេអ៊ែរ ចំពេលមានភាពតានតឹងជាមួយ រុស្ស៊ី
ឡាអេ ៖ កងទ័ពរាប់ពាន់នាក់មកពីរដ្ឋសមាជិកអង្គការណាតូ កាលពីថ្ងៃចន្ទ បានចាប់ផ្តើមធ្វើសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំទ្រង់ទ្រាយធំរួមគ្នា ដោយប្រមុខប្លុកយោធាមួយនេះ គឺលោក Mark Rutte បានអះអាងថា វាគឺជាការបញ្ជូនសារដ៏ច្បាស់លាស់មួយទៅកាន់សត្រូវ ពិសេសរុស្ស៊ី។
សារព័ត៌មាន RT បានចេញផ្សាយថា ល្បែងសង្គ្រាមនេះមានឈ្មោះថា “Steadfast Noon” នឹងប្រព្រឹត្តទៅរយៈពេលពីរសប្តាហ៍នៅក្នុងទឹកដីប្រទេសហូឡង់ ខណៈទីក្រុងមូស្គូបានពណ៌នាថា សមយុទ្ធនេះបង្ហាញពីការញុះញង់ប្រឆាំងនឹងរុស្ស៊ីកាន់តែខ្លាំងក្លា ក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុបខាងលិច ហើយថែមទាំងបានចោទប្រកាន់ណាតូថា កំពុងធ្វើទំនើបកម្មយោធា និងត្រៀមខ្លួនប្រឈមមុខដោយផ្ទាល់ជាមួយរុស្ស៊ី។
យោងតាមការបញ្ជាក់របស់អង្គការណាតូបានឱ្យដឹងថា នាវាពិឃាតដល់ទៅ ៧០គ្រឿងមកពីរដ្ឋសមាជិកចំនួន ១៤ប្រទេសចូលរួម ហើយក្នុងនោះក៏រួមមានយន្តហោះចម្បាំង និងយន្តហោះដើរតួនាទីពីរមុខងារ គឺប្រយុទ្ធ និងស៊ើបការណ៍ផងដែរ។
អាល្លឺម៉ង់បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក Tornado ចំនួន៣គ្រឿងដែលផ្ទុកគ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិក និងយន្តហោះចម្បាំង Eurofighter ចំនួន៤គ្រឿង ខណៈដែលស៊ុយអែតបានបញ្ជូនយន្តហោះ JAS-39 Gripen និងហ្វាំងឡង់បានបញ្ជូនយន្តហោះ F/A-18 Hornet។
បន្ថែមលើនេះ កងទ័ពប្រហែល ២.០០០នាក់ទៀតនឹងចូលរួមជួយគាំទ្រដល់បេសសកម្មស៊ើបការណ៍ និងការហ្វឹកហាត់ចាក់ប្រេងលើអាកាស ពិសេសការគ្រប់គ្រង និងការបញ្ជាយន្តហោះចម្បាំង។ ប៉ុន្តែណាតូថា មិនមានអាវុធនុយក្លេអ៊ែរ ត្រូវបានរំពឹងថា នឹងប្រើប្រាស់អំឡុងល្បែងសង្គ្រាមនេះទេ។
សមយុទ្ធនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីដើមខែនេះថា ប្រទេសអឺរ៉ុបខាងលិចបាននិងកំពុងដុតបញ្ឆេះការព្រួយបារម្ភអំពីហានិភ័យផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។ ប៉ុន្តែរុស្ស៊ីបានចាត់ទុកការព្រួយបារម្ភបែបនេះថា ជាការនិយាយបំភ្លើសមិនសមហេតុផល និងជំរុញឱ្យមេដឹកនាំក្នុងតំបន់ទាំងនោះ គួរតែផ្តោតសំខាន់លើបញ្ហាក្នុងស្រុកជំនួសវិញ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
