អភិបាលខេត្តតាកែវចុះពិនិត្យ និងដាក់វិធានការបន្ទាន់ទប់ស្កាត់ផលប៉ះពាល់ទឹកជំនន់នៅស្រុកអង្គរបូរី
តាកែវ៖ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥បានដឹកនាំក្រុមការងារចម្រុះ រួមមានអាជ្ញាធរស្រុកអង្គរបូរី ចុះពិនិត្យផ្ទាល់ដល់ទីតាំងស្ថានភាពទឹកជំនន់ដែលបានជន់លិចផ្នែកខ្លះលើកំណាត់ផ្លូវខេត្តលេខ ១តេកា៨ ស្ថិតនៅភូមិសាស្រ្តឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។

មន្រ្តីក្រុមការងារបានបញ្ជាក់ថា ការចុះពិនិត្យបន្ទាន់នេះក្នុងគោលបំណងវាយតម្លៃពីផលប៉ះពាល់ និងដាក់ចេញនូវវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាព និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសពិនិត្យជាក់ស្តែងឯកឧត្តម វ៉ី សំណាង បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្រ្តីនៃមន្ទីរអង្គភាពជំនាញនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការងារទប់ស្កាត់គ្រោះមហន្តរាយ និងគ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀងដែលអាចកើតឡើងដោយយថាហេតុ។

បន្ថែមលើនេះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ខណៈផ្លូវលើខ្នងប្រឡាយ១២ នៃភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ត្រូវបានទឹកភ្លៀងជន់លិចជាអន្លើៗ ដែលអាចបង្កគ្រោះថ្នាក់បាន។

ជាមួយគ្នានេះមន្ទីរធនធានទឹកខេត្ត ត្រូវតាមដាននិងផ្តល់ព័ត៌មានដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ពីស្ថានភាពទឹកឱ្យបានទាន់ពេលវេលា ។ចំណែកមន្ទីរកសិកម្ម ត្រូវត្រៀមពូជស្រូវប្រដេញទឹក។ពេទ្យសត្វត្រូវត្រៀមថ្នាំបង្ការជំងឺផ្សេងៗ។ មន្ទីរសុខាភិបាល ត្រូវត្រៀមបង្ការថ្នាំពស់ចឹក សត្វទិច ឬខាំ។ចំណែកមន្ទីរសាធារណការ និងមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវត្រៀមមធ្យោបាយសម្រាប់ជួសជុលផ្លូវក្រោយពេលដែលទឹកស្រក ។គ្រប់ក្រុង ស្រុក ត្រូវពិនិត្យឱ្យប្រាកដថា ទីទួលសុវត្ថិភាពបានគិតគូររួចហើយ។ក្នុងករណីកើតហេតុផ្សេងៗត្រូវអនុវត្តអន្តរាគមន៍ភ្លាមៗប្រកបដោយប្រសិទ្ធភាព៕
ដោយ៖សាំង សារ៉ាវី
