រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យើងត្រូវទប់ស្កាត់ការរើសអើងគ្រប់ទម្រង់ប្រឆាំងទៅនឹងជនពិការ ហើយផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ជនមានពិការភាព

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន បានលើកឡើងថា យើងទាំងអស់គ្នា មិនត្រូវមើលជនពិការ ត្រឹមតែងពិការភាពរបស់គាត់ទេ ប៉ុន្តែ ត្រូវមើលពីសមត្ថភាពរបស់គាត់ ដូចនេះយើងត្រូវរួមគ្នាទប់ស្កាត់ការរើសអើងគ្រប់ទម្រង់ទាំងអស់ប្រឆាំងទៅនឹងជនពិការ ហើយត្រូវផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ជនមានពិការភាព។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ និងប្រកាសសមាសភាពក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន បានប្រារព្ធពិធីបើកនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុុជា បានយកចិត្តទុកដាក់យ៉ាងចំពោះជនមានពិការភាព ជនមានពិការភាព ក៏ត្រូវបានលើកគុណតម្លៃដូចមនុស្សមានកាយសម្បទាធម្មថាដែរ។ ត្រង់ចំណុចនេះសបញ្ជាក់ថា ជនមានពិការភាព គឺមិនត្រូវបានគេបោះបង់ចោលនោះទេ ប៉ុន្តែ ផ្ទុយទៅវិញជនមានពិការភាព ត្រូវបានរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ក្នុងវិស័យសាធារណៈ និងឯកជនបានយកចិត្តទុកកាន់តែខ្លាំងបន្ថែមមួយកម្រិតទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន បានយកចិត្តទុកដាក់ខ្លាំងខ្លាំងចំពោះជនមានពិការភាព ខណៈមន្ត្រីរាជការចំនួន៥៩រូប គឺជាជនមានពិការភាព កំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងព័ត៌មាន លើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ ដោយឡែកជនមានពិការភាពត្រូវបានផ្តល់អាទិភាព

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ជនមានពិការភាពជាមនុស្សដែលមិនត្រូវបោះបង់ ត្រូវផ្ដល់តម្លៃប្រកបដោយភាពស្មើមុខមាត់ស្មើមាត់ ប្រកបដោយសមភាព សមធម៌ គ្រប់ស្រទាប់វណ្ណៈនៃសង្គម។ ការបើកឱកាសឱ្យជនមានពិការភាពមាន ការងារធ្វើ គឺជាការចូលរួមចំណែកជួយដល់សង្គមជាតិយើង។ ដូច្នេះ សូមកុំមើលឃើញតែភាពពិការភាពរបស់ពួកគាត់ តែត្រូវមើលឱ្យឃើញពីសមត្ថភាពរបស់ជនមានពិការភាព បើទោះបីជាពួកគាត់មានពិការភាពក៏ដោយ ក៏ប៉ុន្តែ ពួកគាត់ក៏មានចំណុចវិជ្ជមានរបស់ពួកគាត់ផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «អ៊ឹចឹងអ្វីដែលយើងត្រូវមើល គឺមិនត្រូវមើលមនុស្សដោយចំណុចពិការភាពរបស់គាត់នោះទេ ប៉ុន្តែ ត្រូវមើលមនុស្សដោយសមត្ថភាពរបស់គាត់ យើងកុំចាត់ទុកថាជនមានពិការភាព គឺជាបន្ទុករបស់សង្គម ជនមានពិការភាពជាអ្នកទើសមុខ ទើសមាត់ ប៉ុន្តែ អត់ទេ ទឹកចិត្តបេះដូងរបស់គាត់ ជម្នះការលំបាក អាចមកបំពេញការងារបានពេញលេញ ការតាំងចិត្ត និងការខំជម្នះ បើទោះបីគាត់មានពិការភាព ដោយមិនទុកឱ្យកត្តាពិការភាពរួមរឹតក្នុងចិត្តនោះទេ»។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានជំរុញអ្នកសារព័ត៌មានឱ្យចូលរួមសរសេរព័ត៌មានឱ្យបានច្រើនអត្ថបទពាក់ព័ន្ធនឹងតម្រូវការ និងការលើកទឹកចិត្តដល់ជនមានពិការភាព ព្រមទាំងអត្ថបទផលប៉ះពាល់នៃការរើសអើងជនមានពិការភាព ដើម្បីផ្លាស់ប្តូរឥរិយាបថបុគ្គលមួយចំនួនដែលតែងតែប្រកាន់គំនិតចាស់គំរិលប្រកាន់លើរូបរាង ខាងក្រៅជនមានពិការភាព ប៉ុន្តែ មិនបានពិនិត្យមើលលើសមត្ថភាពរបស់ជនមានពិការភាពជាដើម។ ខណៈបច្ចុប្បន្ននេះ ជនមានពិការភាពទទួលបានយកការយកចិត្តទុកដាក់យ៉ាងផុសផុសពីសំណាក់ប្រជាពលរដ្ឋ។

ឯកឧត្តម នេត្រ ភក្ត្រាលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវធ្វើរួមគ្នា លុបបំបាត់ឱ្យបាននូវការរើសអើង ប្រឆាំងនឹងជនមានពិការភាព ទោះបីជាមានពិការភាពទម្រង់ណាក៏ដោយក៏យើងត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ យើងផ្តល់នូវការរាប់អាន ខ្ញុំសូមលើកទឹកចិត្តបងប្អូនថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន ដែលមានបងប្អូនមានពិការភាពធ្វើការ ត្រូវតែលើកទឹកចិត្តគាត់ យើងត្រូវមើលសមត្ថភាពរបស់គាត់ឱ្យលើសពីពិការភាព»។

គួរឱ្យដឹងថា នៅកម្ពុជាមានក្រសួង ស្ថាប័នរដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារ ចំនួន ៣,៧៧៦នាក់ (ស្មើនឹង ២,០៥%) ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦៩នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២,៣៥១នាក់។ ដោយឡែកវិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសចំនួន ២៤១នាក់ និងមានជនមានពិការភាពចូលបម្រើការងារចំនួន ៣,៧៥៩នាក់ ស្រ្តីមានពិការភាព ៣,៦៣១នាក់។ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំង ប្រទេសចំនួនជនមានពិការភាព ៧,៥៣៥នាក់កំពុងបម្រើការងារ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner