អាមេរិកជំរុញឱ្យម៉ាដាហ្គាស្ការស្វែងរកសន្តិភាព បន្ទាប់ពីយោធាដណ្តើមអំណាចប្រធានាធិបតី
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានចេញមុខលូកដៃជួយជំរុញឱ្យគ្រប់ភាគីនៅក្នុងប្រទេសម៉ាដាហ្គាស្ការ ស្វែងរកដំណោះស្រាយសន្តិភាព ដោយគោរពតាមសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ចំពេលដែលយោធាបានឡើងកាន់អំណាច ក្រោយប្រធានាធិបតីរត់ចោលប្រទេស។
ការអំពាវនាវរបស់អាមេរិក កើតឡើងបន្ទាប់ពីយោធាម៉ាដាហ្គាស្ការ នៅថ្ងៃអង្គារនេះ បានប្រកាសដណ្តើមអំណាចគ្រប់គ្រងប្រទេស បន្ទាប់ពីប្រធានាធិបតី លោក អង់ឌ្រី រ៉ាចូចេលីណា បានភៀសខ្លួនចេញពីប្រទេស ចំពេលមានការប្រឈមមុខដាក់គ្នា ជាមួយក្រុមបាតុករដែលដឹកនាំដោយយុវជន និងកងកម្លាំងសន្តិសុខ។
បើទោះបីលោកប្រធានាធិបតី រ៉ាចូចេលីណា បានភៀសខ្លួនចេញពីប្រទេសដោយយន្តហោះយោធាបារាំង កាលពីថ្ងៃអាទិត្យក៏ដោយ ក៏លោកនៅតែបដិសេធមិនព្រមចុះចេញពីតំណែង។
យ៉ាងណាមិញ វរសេនីយ៍ឯក មីកែល រ៉ង់ឌ្រីយ៉ានីរីណា ដែលបានដឹកនាំការបះបោររបស់ទាហាន បានប្រកាសតាមវិទ្យុជាតិថា យើងបានដណ្តើមអំណាចហើយ ហើយថា យោធានឹងរំលាយស្ថាប័នទាំងអស់ រួមទាំងរដ្ឋធម្មនុញ្ញក៏ត្រូវបានព្យួរ លើកលែងតែរដ្ឋសភាជាតិប៉ុណ្ណោះ។
គួរបញ្ជាក់ថា ភ្លើងវិបត្តិនយោបាយនៅម៉ាដាហ្គាស្ការ បានឆាបឆេះឡើងបន្ទាប់ពីមានការតវ៉ាដែលដឹកនាំដោយយុវជនអស់ជាច្រើនសប្តាហ៍ ប្រឆាំងនឹងអំពើពុករលួយ និងអភិបាលកិច្ចមិនល្អ ហើយស្ថានការណ៍បានឈានដល់ចំណុចកំពូល នៅពេលដែលអង្គភាពយោធាពិសេសបានងាកមកគាំទ្រក្រុមបាតុករ៕
ប្រភព ៖ AFP និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា



