សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស អេ ខេត្តព្រៃវែងបានទទួលរង្វាន់និងថវិកាពីអភិសន្តិបណ្ឌិត ស សុខា

ព្រៃវែង៖ជាមួយនឹងការផ្តល់ជូននូវរង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស អេ (A)ទូទាំងខេត្ត​ព្រៃវែង​ចំនួន១៥៤នាក់នូវម៉ូតូថ្មីសន្លាងមួយគ្រឿង និងថវិកាមួយចំនួនក្នុងសប្ដាហ៍នេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់សិស្សដែល​បានប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយ​ភូមិ ក៏ដូចជាសិស្សដែលប្រឡងជាប់និទ្ទេស A ទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីក្លាយ​ខ្លួនជាធនធានមនុស្សប្រកបដោយគុណភាព ។

ក្នុងឱកាសសំណេះសំណាលនិងផ្តល់រង្វាន់ជូនសិស្សប្រឡងជាប់ទទួលបាននិទ្ទេសA នៅខេត្តព្រៃវែង ដែលប្រារព្ធ​នៅ​សាលាខេត្តព្រៃវែងឯកឧត្តមអភិសន្តិបណ្ឌិតមានប្រសាសន៍ថា លទ្ធផលដ៏ល្អប្រសើរនៃការប្រឡង គឺជាផ្លែផ្កានៃកំណែ​ទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល និងការរួម​ចំណែកដ៏ធំធេងពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង។

ឯកឧត្ដមបានជូនជាយោបល់ដល់សិស្សដែលនឹងត្រៀមខ្លួនឈានជើងចូលមហាវិទ្យាល័យ សូម​ជ្រើសរើសជំនាញ ឱ្យស្របនឹងតម្រូវការទីផ្សារការងារ, ទិសដៅអភិវឌ្ឍប្រទេស និងនិស្ស័យចំណូលចិត្តរបស់ខ្លួនផងដែរ។

សូមជម្រាបថា សិស្សជ័យលាភី ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ នៅទូទាំងខេត្តព្រៃវែងមានចំនួន ៧.៨៩៩នាក់ ស្មើនឹង ៨៦.៦១ភាគរយ។ ក្នុងនោះសិស្សទទួលបាននិទ្ទេស A ចំនួន ១៥៤នាក់ ,និទ្ទេស B ចំនួន ៦៧៦នាក់,និទ្ទេស C ចំនួន ១.៨៦៨នាក់ និទ្ទេស D ចំនួន ២.៩១២ នាក់ និងនិទ្ទេស E មានចំនួន ២.៣៣៣នាក់។

សិស្សជាប់និទ្ទេស A ចំនួន ១៥៤នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន។ចំណែក​នាយកសាលា លោកគ្រូ អ្នកគ្រូបង្រៀនស្ម័គ្រចិត្តថ្នាក់ទី១២ (គ្រូបំប៉ន)ទាំង២៣១នាក់ក៏បានទទួលនូវថវិកា​ផងដែរ៕
ដោយ៖នុត នាង

ads banner