កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយស្ដីពី ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះរបស់ចលនា ការប្រើប្រាស់ និងការការពារបដិរូប ច្បាប់មនុស្សធម៌អន្តរជាតិ ជូនមូលដ្ឋានសមុទ្ររាម នៃខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ពិធីផ្សព្វផ្សាយស្ដីពីប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះរបស់ចលនា ការប្រើប្រាស់ និងការការពារបដិរូប ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា ជូនដល់មេបញ្ជាការ មេបញ្ជារង នាយនាវី នាយនាវីរង និងពលនាវឹក ចំនួន ២៣០នាក់ ស្រី ៨ នាក់នៃបញ្ជាការមូលដ្ឋានសមុទ្ររាម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ។

លោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម មានប្រសាសន៍សម្ដែងការស្វាគមន៍ចំពោះវត្តមាន និងថ្លែងអំណរគុណក្រុមការងារកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ និងចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយឆ្នាំៗជួយដល់កុមារកម្ពុជារាប់សិបលាននាក់ ដោយឡែកមូលដ្ឋានសមុទ្ររាម ជារៀងរាល់ឆ្នាំតែងតែជួយឧបត្ថម្ភគាំទ្រជាថវិកាសម្រាប់ទ្រទ្រង់ដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជា ។ ជាមួយនឹងការអភិវឌ្ឍន៍ឥតឈប់ឈរ របស់ប្រទេសទាំងមូល កងយោធពលខេមរភូមិន្ទ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន យ៉ាងអង់អាចក្លាហានក្នុងការការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងការពារយ៉ាងរឹងមាំដែនកោះ-ឆ្នេរ រួមទាំងបណ្ដាភូមិសាស្ត្រពាក់ព័ន្ធដទៃទៀត ដែលថ្នាក់លើបានកំណត់ប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ពាំនាំផ្ដាំផ្ញើ និងសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមគោរពថ្លែងអំណរគុណចំពោះស្មារតីនិងការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ លោក/លោកស្រី កងទ័ពជើងទឹកនៅឆ្នេរសមុទ្ររាម ដែលបានបំពេញភារកិច្ចត្បាត និងឃ្លាំមើលឆ្នេរសមុទ្រកម្ពុជា ព្រមទាំងការថែរក្សាអធិបតីភាព បូរណភាពដែនទឹកកម្ពុជា ប្រកបដោយប្រសិទ្ធភាព
សូមបញ្ជាក់ថា៖ ពិធីខាងលើនេះធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, សមាសភាគរបស់ចលនា, គោលការណ៍គ្រឹះ ៧ប្រការ របស់ចលនា, ការប្រើប្រាស់ និងការការពារបដិរូប និងច្បាប់មនុស្សធម៌អន្តរជាតិ, កាកបាទក្រហមកម្ពុជា និងការរួមគ្នាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ ក្នុងនោះក្រុមការងារក៏បានចែកជូនបណ្ណអប់រំសុខភាព និងអនាម័យ ជូនដល់មេបញ្ជាការ មេបញ្ជារង នាយនាវី នាយនាវីរង និងពលនាវឹក ទាំង២៣០នាក់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាព និងបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារឱ្យបានយល់ដឹងផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner