សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឹជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន

(ចិន)៖ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងរដ្ឋធានីប៉េកំាង សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន។

ឯកឧត្តមចាវ ឡឺជី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសម្ដេចរដ្ឋសភាធិបតី និងគណៈប្រតិភូដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី និងបានឆ្លៀតពេលមមាញឹក ជួបពិភាក្សាការងារជាមួយ ឯកឧត្តមក្នុងឱកាសនេះ។ វត្តមានសម្តេចប្រធានរដ្ឋសភានៅពេលនេះ ពិតជាបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំឡើងទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។

ឯកឧត្តម ចាវ ឡឺជី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយបានចាត់ទុកថាការរីកចម្រើនរបស់កម្ពុជាក៏ជាការរីកចម្រើនរបស់មិត្តចិនដែរ។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានចូលរួមអបអរសាទរមិត្តចិន ដែលសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមានប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល ដោយសម្រេចបានគោលដៅ១០០ឆ្នាំទី១ នៅឆ្នាំ២០២១។

សម្ដេចប្រធានរដ្ឋសភាមានសុទិដ្ឋិនិយមថា មិត្តចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥នេះ និងគោលដៅ១០០ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដើម្បីប្រែក្លាយទៅជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា វប្បធម៌ជឿនលឿន និងសុខដុមរមនា។ សម្តេចបានបញ្ជាក់ថា ជោគជ័យរបស់មិត្តចិន ក៏ដូចជាជោគជ័យ របស់កម្ពុជា។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញក្តីរីករាយក្រៃលែង ដោយឃើញប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ វិវត្តជាវិជ្ជមានប្រកបដោយផ្លែផ្កាជាលំដាប់ ដែលបង្ហាញពីភាពរឹងមាំឋិតថេរ នៃមិត្តភាពដែកថែប ដោយផ្អែកលើការទុកចិត្តគ្នា ការគោរពគ្នា ការយោគយល់គ្នា និងការផ្តល់ប្រយោជន៍រួម ដោយយកប្រជាជនជាស្នូល។

បើទោះបីជាពិភពលោកបាននិងកំពុងស្ថិតក្នុង បម្រែបម្រួលដ៏ខ្លាំង ជាពិសេសគឺប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញ នៃសេដ្ឋកិច្ចសកលនិងបញ្ហាជាសកល យ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងដែកថែមនៃប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅនិងរឹងមាំពីមួយជំនាន់ទៅមួយជំនាន់ ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង ដែលបានធ្វើបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាកាលពីខែមេសាកន្លងមកនេះ បានឯកភាពលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ទៅដល់កំរិតថ្មីមួយទៀត គឺសម្រាប់គ្រប់រដូវកាល ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ សក្តិសមទៅនឹងមិត្តភាពដែកថែប ដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា ការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា។

សម្តេចប្រធានរដ្ឋសភា បានស្នើភាគីចិន ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ អប់រំ និងទេសចរណ៍ និងស្នើដល់ភាគីចិនបន្តជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាដល់ប្រជាពលរដ្ឋចិន និងជំរុញបន្ថែមវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ នវានុវត្តន៍ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពផលិត និង ការអភិវឌ្ឍមូលធនមនុស្ស។ ជាពិសេសជំរុញសម្រេចឱ្យបាននូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner