អឺរ៉ុប និង G7 ត្រៀមសងសឹកចិន ជុំវិញការរឹតបន្តឹងនាំចេញរ៉ែកម្រ

ព្រុចសែល ៖ សហភាពអឺរ៉ុបបាននិងកំពុងសហការជាមួយដៃគូក្រុមប្រទេស G7 ដើម្បីសងសឹកអំពើអយុត្តិធម៌របស់ប្រទេសចិន ទាក់ទិននឹងការរឹតត្បិតការនាំចេញរ៉ែកម្ររបស់ផែនដី ចំពេលមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក នេះបើតាមការបញ្ជាក់របស់ស្នងការពាណិជ្ជកម្មអឺរ៉ុប លោក Maros Sefcovic កាលពីថ្ងៃអង្គារ។

លោក Sefcovic បានប្រាប់អ្នកសារព័ត៌មាននៅប្រទេសដាណឺម៉ាក បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីថា ការរឹតបន្តឹងបែបនេះ បានបង្ខំឱ្យក្រុមហ៊ុនអឺរ៉ុបមួយចំនួនបញ្ឈប់ផលិតកម្ម និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច។

លោកថា ការធ្វើបែបនេះមិនមែនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខទេ តែការរឹតត្បិតនេះ កំពុងកំណត់គោលដៅលើឧស្សាហកម្មស៊ីវិលដោយផ្ទាល់។ ដូច្នេះពួកយើងមិនអាចឈរអោបដៃមើលបានទេ ពួកយើងត្រូវតែធ្វើការឆ្លើយតបវិញ។

ប្រមុខពាណិជ្ជកម្មអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទជាមួយដៃគួ G7 ហើយក៏កំពុងធ្វើការជាមួយភាគីចិនផងដែរ ដើម្បីស្វែងរកដំណោះស្រាយ។ ហើយសប្តាហ៍ក្រោយ លោកនឹងជជែកជាមួយមន្រ្តីចិនកំពូលៗ។

គួរកត់សម្គាល់ ចិនបានចាប់ផ្ដើមរឹតត្បឹតលើការនាំចេញរ៉ែកម្រសំខាន់ៗ ដែលគេប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យាធំៗ រួមទាំងឡានអគ្គិសនី ប្រព័ន្ធរ៉ាដា និងម៉ាស៊ីនយន្តហោះកាលពីដើមឆ្នាំនេះ ក្រោយលោកប្រធានាធិបតី Trump បានប្រកាសដាក់ពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសចិន។ ចំណាត់ការរបស់ចិនបានបង្កការរំខានផលិតកម្មជាច្រើន ដែលពឹងផ្អែកលើរ៉ែកម្រពីចិន ទាំងនៅអឺរ៉ុប និងអាមេរិក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner