ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប នាំយកអំណោយចែកដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ១២០គ្រួសារ នៅស្រុកពារាំង ខេត្តព្រៃវែង
(ព្រៃវែង)៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និង នាំយកអំណោយចែក ដល់ប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ចំនួន ១២០គ្រួសារនៅស្រុកពារាំងខេត្តព្រៃវែង ។ដែលពិធីនោះដែរក៏មានការអញ្ចើញចូលរួមពីឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង លោក លោកស្រី ជាអាជ្ញាធរស្រុក ពារាំង ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនទាំងអស់ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តព្រៃវែងទាំងមូល ពិសេសបងប្អូនដែលរស់នៅក្នុងស្រុកពារាំងយើងនេះ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបន្តថា សម្តេចប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខបងប្អូននៅទូទាំងប្រទេស ហើយបានអញ្ជើញដោយផ្ទាល់ចុះសួរសុខទុក្ខនិងផ្តល់អំណោយរបស់កាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គឆ្នាំ២០២៥នេះ នៅតាមបណ្តាខេត្តនានា ។ កាកបាទក្រហមកម្ពុជា ជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបទុក្ខភ័យដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ដូចពាក្យស្លោកពោលថា ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហម ។
ឯកឧត្តមអនុប្រធានទី១រដ្ឋសភា ក៏បានឱ្យដឹងទៀតថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ ពីព្រោះសម្តេចយល់ថាឆ្នាំនេះ មានទឹកជំនន់ធំដែលត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះផលដំណាំរបស់កសិករដែលរង ផលប៉ះពាល់ ។ ទន្ទឹមនិងនោះដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា និងដើម្បីជួយសម្រាលការលំបាកខ្លះរបស់ប្រជាពលរដ្ឋរបស់យើង ក្រុមតំណាងរាស្ត្រខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្តព្រៃវែង បាននាំយកអំណោយមាន ថវិកា និងគ្រឿងឧបភោគបរិភាគមួយចំនួន មកចែកជូនបងប្អូន ដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលនេះ ។
សូមជម្រាបផងដែរថា នៅស្រុកពារាំង ក្នុងឃុំមេសរប្រចាន់ ទឹកជំនន់បានកាត់ផ្តាច់ផ្លូវខេត្តលេខ ៣៨៣បេ ចំនួន ៣កន្លែង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ។ ជាក់ស្តែងនាពេលនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាននាំអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១២០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ម៉ី២កេស ទឹកសុទ្ធពីយួរ ត្រីខ ១២កំប៉ុង និងថវិកាមួយចំនួន៕








ដោយ ៖ ហេង សម្បត្តិ