អាមេរិកសម្លាប់មនុស្ស ៦នាក់ទៀត ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននៅវេណេស៊ុយអេឡា

វ៉ាស៊ីនតោន ៖ អាមេរិកបានសម្លាប់ក្រុមរត់ពន្ធគ្រឿងញៀនចំនួន៦នាក់ទៀត អំឡុងការវាយប្រហារថ្មីមួយលើទូកសង្ស័យដឹកគ្រឿងញៀនចេញពីវេណេស៊ុយអេឡា ដែលនេះជាប្រតិបត្តិការចុងក្រោយបំផុតក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយកម្លាំងយោធាក្នុងតំបន់។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះលើបណ្តាញសង្គម Truth Social ថា ការវាយប្រហារថ្មីនេះ ធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ហើយមានគោលបំណងប្រឆាំងនឹងអង្គការភេរវករ។

លោកថា យោងតាមការស៊ើបអង្កេតបានបញ្ជាក់ថា ទូកនេះកំពុងដឹកគ្រឿងញៀន ដែលមានជាប់ពាក់ព័ន្ធនឹងបណ្តាញភេរវករខុសច្បាប់ ប៉ុន្តែមេដឹកនាំអាមេរិករូបនេះមិនបានផ្តល់ភស្តុតាងលំអិតណាមួយ ដើម្បីគាំទ្រការអះអាងរបស់គាត់ទេ។

គិតមកទល់ពេលនេះ មនុស្សយ៉ាងហោច ២៧នាក់ត្រូវបានសម្លាប់ ជាអ្វីដែលរដ្ឋបាលលោកប្រធានាធិបតី ត្រាំ និយាយថា ជារឿងចាំបាច់ ដើម្បីការពារអាមេរិកប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន។

សហរដ្ឋអាមេរិកក៏បានដាក់ពង្រាយយោធាទ្រង់ទ្រាយធំទៅកាន់ភាគខាងត្បូងតំបន់ការ៉ាបៀន ក្បែរដែនទឹកប្រទេសវេណេស៊ុយអេឡា ក្នុងនោះរួមមានយន្តហោះចម្បាំង F-35 កងទ័ពជើងទឹកជើង នាវាចម្បាំង និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ចាប់តាំងពីបើកការវាយប្រហារតាមផ្លូវអាកាសលើកដំបូងកាលពីថ្ងៃទី២ ខែកញ្ញា។

ផ្ទុយទៅវិញ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់ម្តងហើយម្តងទៀតថា ការដែលអាមេរិកដាក់ពង្រាយកម្លាំងយោធាទ្រង់ទ្រាយធំបែបនេះ គឺមានគោលបំណងផ្តួលរលំលោកចេញពីអំណាច។

តួយ៉ាង អាមេរិកថែមទាំងប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ៥០លានដុល្លារសម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរ៉ូ ផងដែរ ដោយចោទប្រកាន់គាត់ពីបទជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន និងក្រុមឧក្រិដ្ឋកម្ម ប៉ុន្តែលោក ម៉ាឌូរ៉ូ បានច្រានចោល៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner