តំណាងកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ទទួលអំណោយម៉ូតូពីព្រះសង្ឃខេត្តស្វាយរៀងចំនួន៩៤គ្រឿង ទុកជូនដល់វីរកងទ័ពជួរមុខ

ស្វាយរៀង៖ឧត្តមសេនីយ៍ឯក ឆឹម ស៊ីណារក្ស នាយរងសេនាធិការបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្សតំណាង​នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្សប្រចាំទិសព្រះវិហារនៅរសៀលថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៥ នេះបានអញ្ជើញ​ទទួល​អំណោយ​ម៉ូតូចំនួន៩៤ គ្រឿងពីព្រះសង្ឃខេត្តស្វាយរៀង។

អាន៖ពិធីប្រគល់អំណោយម៉ូតូបានប្រព្រឹត្តទៅក្រោមព្រះវត្តមានព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណកិត្តិយស នៃ​គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវង្សបតីធម្មធារព្រះមេគណខេត្តស្វាយរៀង ព្រមទាំង​ព្រះសង្ឃគណតាមបណ្តាស្រុក ក្រុង ទូទាំងខេត្តស្វាយរៀង និងសប្បុរសជនលោក គឹម វ៉ាង ,លោកស្រី វ៉ាង ចាង,លោកចាន់ សំណាងនិង លោកស្រី គឹម ធារី នៅក្រុងបាវិតផងដែរ។

ក្នុងឱកាសនោះព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង មានសង្ឃដីការថ្លែងអំណរអរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភកន្លងមកក៏ដូចជាពេលនេះ ជា​ការរួម​ចំណែកជួយគាំទ្រលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និង​អធិប​តេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹកផង។

ជំនួសមុខឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង , ឧត្តមសេនីយ៍ឯក ឆឹម ស៊ីណារក្ស​បានថ្វាយនូវការអរគុណ​ដែលជ្រាលជ្រៅចំពោះព្រះសង្ឃគ្រប់ព្រះអង្គនៅខេត្តស្វាយរៀង ដែលបានចូលរួមបរិច្ចាគម៉ូតូជាច្រើន​ដើម្បីយកទៅ​ចែកជូន​ដល់វីរកងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ច ការពារអធិបតេយ្យភាព បូរណភាពទឹកដី យ៉ាងអង់​អាច​ក្លាហាន៕
ដោយ៖នុត នាង

ads banner