ប៉ូឡូញព្រមានថា អឺរ៉ុបត្រូវប្រុងជើងការខ្ពស់ទប់ទល់ការវាយប្រហាររបស់រុស្ស៊ី
ឡុងដ៍ ៖ ប្រមុខការទូតប៉ូឡូញបានព្រមានថា អឺរ៉ុបត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ការវាយប្រហាររបស់រុស្ស៊ីចូលជ្រៅទៅក្នុងតំបន់ និងបាននិយាយថា វាជារឿងខ្វះទំនួលខុសត្រូវ បើសិនអឺរ៉ុបមិនចាត់វិធានការពង្រឹងការការពារ ដូចជាការសាងសង់ជញ្ជាំងការពារយន្តហោះដ្រូននៅតំបន់ភាគខាងកើត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Strait Times កាលពីថ្ងៃអង្គារ។
នៅពេលបង្ហាញយន្តហោះដ្រូន Shahed-136 ផលិតដោយអ៊ីរ៉ង់នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលត្រូវបានបាញ់ធ្លាក់នៅអ៊ុយក្រែន, រដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានជំរុញឱ្យរដ្ឋសមាជិកអឺរ៉ុបបន្តការគាំទ្ររបស់ពួកគេដល់អ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តផ្គត់ផ្គង់មីស៊ីល Tomahawk ដែលជាកាំជ្រួចបញ្ជាទិសមានសមត្ថភាពបាញ់ក្នុងចម្ងាយប្រហែល ២.៥០០គីឡូម៉ែត្រ ទៅឱ្យអ៊ុយក្រែនឆាប់ៗនេះ ដើម្បីបង្កើនលទ្ធភាពវាយលុកប្រឆាំងហេដ្ឋារចនាសម្ព័ន្ធយោធារុស្ស៊ី។
ប្រមុខការទូតប៉ូឡូញរូបនេះ ក៏បានជំរុញឱ្យអឺរ៉ុបបន្តការគាំទ្រដល់អ៊ុយក្រែន៣ឆ្នាំថែមទៀត ពិសេសបញ្ជូនបន្ថែមឲ្យអ៊ុយក្រែននូវគ្រាប់រំសេវ រួមមានអាវុធប្រឆាំងយន្តហោះ មីស៊ីលរយៈចម្ងាយខ្លី និងមធ្យម ពីព្រោះនេះគឺជារឿងចាំបាច់ បៀបដូចជួយការពារអឺរ៉ុបដែរ។
ទោះបីជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា ការព្រួយបារម្ភរបស់អឺរ៉ុប គឺជាគំនិតមិនសមហេតុផល ដែលថា ប្រទេសរបស់លោកអាចនឹងកំណត់គោលដៅវាយប្រហារលើរដ្ឋសមាជិកណាតូ៕
ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា