ស៊ីរីសន្យារក្សាសុវត្ថិភាពដល់មូលដ្ឋានទ័ពរុស្ស៊ីនៅក្នុងទឹកដីខ្លួន
មូស្គូ ៖ មេដឹកនាំស៊ីរី លោក Ahmed Al-Sharaa បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធថា រូបលោកនឹងគោរពរាល់កិច្ចព្រមព្រៀងទាំងអស់កន្លងមករបស់រុស្ស៊ី និងស៊ីរី ពិសេសស៊ីរីសន្យាធានាសុវត្ថិភាពដល់មូលដ្ឋានយោធារុស្ស៊ីសំខាន់ៗចំនួនពីរទីតាំងនៅក្នុងទឹកដីប្រទេសស៊ីរី។
ប្រធានាធិបតីស៊ីរី លោក Sharaa ដែលធ្លាប់ជាមេដឹកនាំកំពូលសាខាក្រុមអាល់កៃដា និងជាអ្នកផ្តួលរលំរបបដឹកនាំលោក Bashar al-Assad ក្នុងឆ្នាំ ២០២៤ បានប្រាប់លោកប្រធានាធិបតី Putin បែបនេះនៅឯវិមានក្រឹមឡាំង អំឡុងបំពេញទស្សនកិច្ចលើកដំបូងនៅរុស្ស៊ី ចាប់តាំងពីឡើងក្តោបក្តាប់អំណាច។
ជាការឆ្លើយតប លោកប្រធានាធិបតី Putin បានប្រាប់គាត់វិញថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអ្វីៗតាមដែលអាចធ្វើទៅបាន សំដៅបម្រើដល់ផលប្រយោជន៍រវាងប្រទេសទាំងពីរ ដែលធ្លាប់បានពិភាក្សាគ្នាកាលពីមុន នៅមុនពេលចាប់ផ្តើមទំនាក់ទំនងថ្មី។
រុស្ស៊ីមានមូលដ្ឋានយោធាសំខាន់ៗចំនួនពីរទីតាំងនៅស៊ីរី ក្នុងនោះរួមមានមូលដ្ឋានកងទ័ពអាកាស Hmeimim នៅក្នុងខេត្ត Latakia ហើយមួយទីតាំងទៀតគឺជាមូលដ្ឋានកងទ័ពជើងទឹកនៅក្នុងទីក្រុង Tartous។
បើតាមរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov, ទីក្រុងមូស្គូជឿជាក់ថា ស៊ីរីចង់ឱ្យរុស្ស៊ីរក្សាមូលដ្ឋានយោធានៅក្នុងទឹកដីប្រទេសខ្លួន ដើម្បីប្រើប្រាស់មូលដ្ឋានទាំងនេះ ជាមជ្ឈមណ្ឌលភស្តុភារទទួលជំនួយមកពីអាហ្វ្រិក តាមរយៈផ្លូវទឹក និងផ្លូវអាកាស។ បន្ថែមលើនេះ ស៊ីរីក៏ចង់ឱ្យរុស្ស៊ីជួយពង្រឹងសមត្ថភាពកម្លាំងទាហានរបស់ខ្លួនឡើងវិញផងដែរ៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា