ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៖ ASEAN គួរបន្តផ្តោតលើការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ASEAN គួរបន្តផ្តោតលើការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងជនបទ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ដូច្នេះក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ ។
សម្ដេចធិបតី បានថ្លែងថា គ្រោះមហន្តរាយគ្រប់ទម្រង់ បង្កើតឱ្យមានបញ្ហាប្រឈមឥតឈប់ឈរ ដល់ប្រជាជាតិទាំងអស់ ព្រោះគ្រោះមហន្តរាយ ទោះតូចក្តី ធំក្តី តែងបន្សល់ទុកនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ មនុស្ស និង សង្គម ។ ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ, គ្រោះមហន្តរាយ បាន និងកំពុងកើតមានឡើង កាន់តែញឹកញាប់, កាន់តែធ្ងន់ធ្ងរ, និងកាន់តែពិបាកប៉ាន់ប្រមាណ ។ គ្រោះមហន្តរាយដែលកើតមានឡើងនាពេលថ្មីៗនេះ ដូចជា ការរញ្ជួយដី, ទឹកជំនន់ និងព្យុះស៊ីក្លូនត្រូពិក បានបណ្តាលឱ្យមានចំនួនអ្នកស្លាប់កើនឡើង និងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
សម្ដេចបវរធិបតី បានបន្ថែមថា តាមទស្សនវិស័យរបស់កម្ពុជា, យើងចាំបាច់ត្រូវបែងចែកឱ្យដាច់រវាងសកម្មភាពជួយសង្គ្រោះពីគ្រោះមហន្តរាយ នៅតំបន់ទីប្រជុំជន និងតំបន់ជនបទ ជាពិសេសពាក់ព័ន្ធនឹងទឹកជំនន់ ។ ជាមួយនឹងការកើនឡើងនៃនគរូបនីយកម្ម និងការផ្លាស់ប្តូរប្រជាសាស្រ្ត, ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ក្នុងតំបន់ទីប្រជុំជន មិនអាចទ្រទ្រង់ការកើនឡើងយ៉ាងឆាប់ នៃចំនួនប្រជាជន ដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ឬអាចស៊ូទ្រាំបាននឹងការកើនឡើងកាន់តែញឹកញាប់ និងទំហំកាន់តែធំនៃគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នោះទេ ។ នៅពេលមានការជម្លៀសមនុស្សយ៉ាងច្រើននៅតាមតំបន់ជនបទ, យើងក៏ពិបាកក្នុងការស្វែងរកកន្លែងប្រមូលផ្តុំដែលមានសុវត្ថិភាព, ជាពិសេស កន្លែងដែលមានដំបូល ជាមួយនឹងលទ្ធភាពទទួលបានទឹកស្អាត និងគ្រឿងបរិក្ខារប្រើប្រាស់ប្រកបដោយអនាម័យ ។ ជាលទ្ធផល, ក្រុមងាយរងគ្រោះ ជាពិសេសស្ត្រី, កុមារ, ចាស់ជរា និងជនដែលមានភាពពិការ នឹងធ្លាក់ចូលទៅក្នុងហានិភ័យកាន់តែធ្ងន់ធ្ងរថែមទៀត ។
សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ, សកម្មភាពរួមរបស់យើង មិនត្រឹមតែត្រូវផ្តោតលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជនប៉ុណ្ណោះទេ, ប៉ុន្តែត្រូវផ្តោតលើការកសាង ឬការរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងជនបទ ។ បន្ថែមលើបញ្ហាប្រឈមទាក់ទងនឹងធនធានហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, យើងក៏ត្រូវតែទទួលស្គាល់ថា សមត្ថភាព, ចំណេះដឹង និងបទពិសោធន៍ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នៅមានភាពមិនស្មើគ្នា នៅក្នុងតំបន់នីមួយៗ ៕







អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ