សម្តេចតេជោ ហ៊ុន សែន ដឹកនាំសម័យប្រជុំព្រឹទ្ធសភា លើកទី៤ ស្តាប់របាយការណ៍ សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា ចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥

(ភ្នំពេញ)៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី៤ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៦០រូប ។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែ ១ គឺ ស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥ ។

ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥ (៧ កក្កដា-៦តុលា ២០២៥) ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំ បំពេញការងារជាប្រក្រតីក្នុងព្រឹទ្ធសភា និងសកម្មក្នុងការចុះប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីរួមគ្នាជាធ្លុងមួយ សាមគ្គីភាព និងឯកភាពជាតិ តាមរយៈការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តកងកម្លាំងវីរយុទ្ធជនការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តនៅព្រំដែន ដោយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ ។

ក្នុងរយៈពេល៣ខែ នៃចន្លោះសម័យប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សាការងារជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូត និងស្ថាប័ននានា ចំនួន២៤លើក ព្រមទាំងអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅចំពោះមុខភាពគឃ្លើននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចតេជោ បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរពនិងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ។

ព្រមជាមួយគ្នានេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយភ្ញៀវជាតិ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងវិស័យការទូតសភា ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងចូលរួមពិធីផ្លូវការផ្សេងៗ សរុបចំនួន៤៥លើក និងបានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិតក្នុងកិច្ចប្រជុំ និងវេទិកានានា ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ចំនួន ២៨លើក ។

ក្នុងឱកាសនេះដែរ ព្រឹទ្ធសភា សូមសម្តែងនូវការដឹងគុណជូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងសូមថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពដឹកនាំប្រកបដោយភាពវៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner