ចិនថា គ្មាននរណាម្នាក់ឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ
ប៉េកាំង ៖ ទីក្រុងប៉េកាំងបានចេញមុខអះអាងកាលពីថ្ងៃពុធថា នឹងគ្មាននរណាម្នាក់ឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ បន្ទាប់ពីលោកប្រធានាធិបតតី ដូណាល់ ត្រាំ បានព្រមានថា អាមេរិកនឹងសងសឹកវិញ តាមរយៈការឈប់ទិញប្រេងចម្អិនអាហារពីប្រទេសចិន។
លោកប្រធានាធិបតី ត្រាំ បានបោះពាក្យសម្តីគំរាមបែបនេះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារ បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ បានប្រកាសថ្កោលទោសប្រទេសចិន ដែលឈប់ទិញសណ្តែកសៀងពីសហរដ្ឋអាមេរិកថា ជា “ទង្វើអរិភាពសេដ្ឋកិច្ច”។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា សង្គ្រាមពាណិជ្ជកម្មនឹងមិនបម្រើផលប្រយោជន៍ដល់ភាគីណាមួយឡើយ។ លោកថា ភាគីទាំងពីរគួរតែដោះស្រាយបញ្ហាពាក់ព័ន្ធ តាមរយៈការចរចាគ្នា ដោយឈរលើមូលដ្ឋានសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។
លោក Jian បានសង្កត់ធ្ងន់ថា គោលជំហររបស់ទីក្រុងប៉េកាំងលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-អាមេរិក គឺមិនផ្លាស់ប្តូរ និងច្បាស់លាស់ជានិច្ច។ ហើយគោលជំហររបស់មេដឹកនាំចិន គឺការពារសន្តិភាពពិភពលោក និងស្ថិរភាពក្នុងតំបន់ ដើម្បីបំពេញតាមកាតព្វកិច្ចអន្តរជាតិ។
គួរកត់សម្គាល់ អាមេរិកគឺជាប្រទេសបញ្ជាទិញប្រេងចម្អិនអាហារធំបំផុតរបស់ចិនក្នុងឆ្នាំ ២០២៤ ជាមួយនឹងការបញ្ជាទិញដល់ទៅ ១.២៧លានតោន កើនឡើងច្រើនជាង ៥០ភាគរយបើធៀបនឹងឆ្នាំ ២០២៣៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា