លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណ បសស ទៅពិនិត្យជំងឺ និងព្យាបាល ដើម្បីកាត់បន្ថយការចំណាយថវិកា
(កំពង់ស្ពឺ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណ បសស ទៅពិនិត្យជំងឺ និងព្យាបាល នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីកាត់បន្ថយការចំណាយថវិកា ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាតំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៣២៩គ្រួសារ មកពីភូមិចំនួន៤០០ ឃុំ/សង្កាត់ចំនួន២៧ ក្រុង/ស្រុកចំនួន៤ ខេត្តកំពង់ស្ពឺ ក្នុងនោះមកពីស្រុកឱរ៉ាល់ចំនួន ៣១៦គ្រួសារ, ស្រុកថ្ពង ៣៣៤គ្រួសារ, ក្រុងឧដ្ដុង្គម៉ែជ័យ ៣១១គ្រួសារ និងស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំមកនូវព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយព្រះរាជហឫទ័យនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះបីជាលោកទាំងទ្វេ មិនបានយាង និងអញ្ជើញជួប លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនទាំងអស់ដោយផ្ទាល់ក៏ដោយ ក៏សម្តេចព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនជនរួមជាតិយើងនៅគ្រប់ទីកន្លែង ។
លោកជំទាវបណ្ឌិត បានអំពាវនាវដល់ប្រជាជនទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព សូមពិសាទឹកដាំពុះ និងបរិភោគអាហារដែលមានអនាម័យ ដើម្បីជៀសវាង ការកើតជំងឺផ្សេងៗ ជាពិសេស សូមកុំបរិភោគប្រៃពេក ផ្អែមពេក និងមានជាតិខ្លាញ់ច្រើន ភេសជ្ជៈគ្រឿងកំប៉ុង គ្រឿងស្រវឹង និងបារីជាដើម ដើម្បីចៀសផុតពីជំងឺមិនឆ្លងនានាដូចជា ជំងឺមហារីក ទឹកនោមផ្អែម និងលើសឈាម ជាដើម។ល។
លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់ លោកយាយលោកតា និងប្រជាជនទាំងអស់ ពេលមានជំងឺ សូមប្រញ៉ាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីព្យាបាលជាបន្ទាន់ ហើយសូមប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណ បសស ដើម្បីកាត់បន្ថយការចំណាយថវិកា ។ លោកជំទាវបណ្ឌិត ក៏បានណែនាំដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) រៀបចំចុះមកពិនិត្យសុខភាព ជូនបងប្អូនប្រជាជន នៅឆ្នាំក្រោយផងដែរ ។
លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមលើកកម្ពស់វិធានការ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀន-គ្រឿងស្រវឹង, ល្បែងស៊ីសងគ្រប់ប្រភេទ, ក្មេងទំនើង និងអំពើហិង្សាក្នុងគ្រួសារ។ ជាមួយគ្នានេះ សូមសាខាកាកបាទក្រហមកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា បន្តអប់រំផ្សព្វផ្សាយពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ សំដៅចូលរួមចំណែកកាត់បន្ថយជំងឺឆ្លង និងជំងឺមិនឆ្លងនានា មានដូចជា ជំងឺទឹកនោមផ្អែម, ជំងឺមហារីក, ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ, ជំងឺលើសឈាម, ជំងឺអេដស៍ជាដើម។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ ជួយដល់បង-ប្អូន ដែលជាពលករត្រឡប់មកពីប្រទេសជិតខាង ដើម្បីទទួលបានការងារធ្វើនៅក្នុងប្រទេស ។
គ្រួសារងាយរងគ្រោះបំផុតទាំង ១.៣២៩គ្រួសារ មានក្តីរំភើបរីករាយឥតឧបមា ដោយបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ម្សៅសាប៊ូ ១កញ្ចប់, សាប៊ូដុសខ្លួន ១ដប, ប្រេងខ្យល់ ២ដបតូច, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ថវិកា ២០.០០០រៀល ព្រមទាំងអាហារសម្រន់ នំប៉័ង ១ដើម និងទឹកបរិសុទ្ធ ១ដប។
សូមបញ្ជាក់ដែរថា ៖ ស្បៀង-សម្ភារៈ ជាអំណោយសប្បុរសជន តាមរយៈ កាកបាទក្រហមកម្ពុជា, ម្សៅសាប៊ូ ជាអំណោយរបស់លោកអ្នកឧកញ៉ា ភាព ហៀក, ប្រេងខ្យល់ ជាអំណោយរបស់ ឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ សឺយមួយ, ថវិកានិងអាហារសម្រន់ជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ៕








ដោយ ៖ វណ្ណលុក