១ឆ្នាំពេញគណៈមេធាវីកម្ពុជា បានចាត់តាំងមេធាវីការពារក្តីជូនជនក្រីក្រជាង ៨ពាន់ករណី ដោយឥតគិតកម្រៃសេវា
(ភ្នំពេញ)៖ គណៈមេធាវីនៃព្រះរាជាណចក្រកម្ពុជាបានឱ្យដឹងនៅក្នុងរបាយការណ៍ថា រយៈពេល ១ឆ្នាំពេញ បានចាត់តាំងមេធាវីឱ្យការពារក្តីជូនជនក្រីក្រចំនួន ៨,៥៨៤ករណី មានកូនក្តីសរុប ១៤,៨២៥នាក់ ក្នុងនោះមានរឿងក្តីអនីតិជនទំនាស់នឹងច្បាប់ចំនួន ២,៩៨៦ករណី មានកូនក្ដីជាអនីតិជនចំនួន ៥,៣៩១នាក់ និងការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតកម្រៃបានចំនួន ៤៥៦ករណី។ ក្នុងនេះនៅសល់រឿងក្តី ចំនួន ២៤២៨ករណី ដែលគណៈមេធាវីបានចាត់តាំងរួចតែមិនទាន់ទទួលបានការទូទាត់ ដោយសារថវិកាមានកម្រិតត្រឹមចំនួន ២,៦០០លានរៀល។ ថវិកាជំនួយឧបត្ថម្ភពីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចំនួន ៣០០លានរៀល ក្នុងមួយឆ្នាំដែលឆ្នាំនេះគណៈមេធាវី បានផ្តល់មេធាវីជួយការពារស្ត្រី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សាបានចំនួន ២៨០ករណី មានស្ត្រីរងគ្រោះចំនួន ៣៣១នាក់ ក្នុងនោះក្មេងស្រីរងគ្រោះចំនួន ២៧៧នាក់។

បើយោងតាមរបាយការណ៍ ឯកឧត្តម មេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងមហាសន្និបាតលើកទី៣០ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តម បណ្ឌិត សាយ បូរី ជាស្ថាបនិក និងជាអតីតប្រធានគណៈមេធាវីអាណត្តិទី១, ឯកឧត្តម ជីវ សុង ហាក់ អតីតប្រធានគណៈមេធាវីអាណត្តិទី៧ និងទី៨, ឯកឧត្តម ប៊ុន ហ៊ុន អតីតប្រធានគណៈមេធាវីអាណត្តិទី៩ និងទី១០, ឯកឧត្តម លី ច័ន្ទតុលា អតីតប្រធាគណៈមេធាវីអាណត្តិ១៣ និងទី១៤ ព្រមទាំងក្រុមប្រឹក្សាគណៈមេធាវី និងមេធាវីជាសមាជិក សមាជិការបស់គណៈមេធាវីជាង ១ពាន់រូប។

ឯកឧត្តម មេធាវី សាំង វណ្ណៈ បានឱ្យដឹងថា តាមរយៈសមិទ្ធផលនេះ គណៈមេធាវី សូមសំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនរាជរដ្ឋាភិបាល ដែលបានផ្តល់ និងជួយសម្របសម្រួលថវិកានេះជូនគណៈមេធាវី សម្រាប់ចំណាយលើសកម្មភាពការពារក្តីជូនជនក្រីក្រ និងក្មេងស្រីក្រីក្រដែលរងគ្រោះដោយសារអំពើហិង្សា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានគូសបញ្ចាក់ថា មេធាវីបានចូលរួមកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាព ក្នុងការការពារក្តីជូនដល់ជនក្រីក្រ ពិសេសប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល តាមរយៈគោលនយោបាយក្នុងការផ្តល់សេវា ជំនួយផ្នែកច្បាប់ជូនជនក្រីក្ររបស់គណៈមេធាវី ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពហិរញ្ញវត្ថុ ក្នុងការពឹងពាក់រកមេធាវី ដោយគាត់អាចទទួលបាននូវសេវាពិគ្រោះយោបល់ក្នុងការ ការពារដោយមេធាវីដោយឥតកំរៃ តាមរយៈការចាត់តាំងពីគណៈមេធាវី តាមការស្នើរសំរបស់ប្រធានតុលាការ ឬការស្នើរសំរបស់សមីខ្លួន ឬក្រុមគ្រួសារ។

កន្លងមកការផ្តល់ជំនួផ្នែកច្បាប់របស់ជនក្រីក្រដោយគណៈមេធាវី គឺទទួលបានកញ្ចប់ថវិកា មួយផ្នែកធំដែលជាជំនួយរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយក្នុងការអនុវត្តគោលនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសិទ្ធទទួលនូវយុត្តិធម៌ របស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងសង្គមជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ គូសបញ្ជាក់ថា ចំពោះគោលនយោបាយនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ខ្ពស់ និងតែងតែគិតគូរជាអាទិភាពលើកគោលនយោយបាយផ្តល់ជំនួផ្នែកច្បាប់ជូនដល់ជនក្រីក្រនេះ តាមរយៈការខិតខំបង្កើនកញ្ចប់ថវិកាប្រចាំជាបន្តបន្ទាប់។ បើគិតពីឆ្នាំ២០០៣ ដែលមានកញ្ចប់ថវិកា២០០លានរៀក្នុងមួយឆ្នាំ រហូតមកដល់ពេលបច្ចុប្បន្នក្នុងឆ្នាំ២០២៥ និងឈានទៅឆ្នាំ២០២៦ នឹងមានថវិកា២៦០០លានរៀល ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ថវិកាសរុបចំនួន ២,៩០០លានរៀល ជូនគណៈមេធាវី សម្រាប់ពង្រីកការចូលរួមបម្រើវិស័យយុត្តិធម៌ និងការលើកកម្ពស់យុត្តិធម៌សង្គម ផ្តោតសំខាន់លើសកម្មភាពចំនួន២ គឺការការពារក្តីនិងការប្រឹក្សាយោបល់ផ្នែកច្បាប់ជូនជនក្រីក្រ និងការកាពារក្តីជូនស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សាក្នុងនោះថវិកាជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ ចំនួន ២,៦០០លានរៀល ក្នុង មួយឆ្នាំ ដែលថវិកានេះអាចទូទាត់ចំណាយបានចំនួន ៦,១៥៦សំណុំរឿង និងការប្រឹក្សាយោបល់បានចំនួន ៤៥៦ករណី៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា
