សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានឃាត់ទូក ១គ្រឿង និងពស់ថ្លាន់ជាង ៣០ក្បាល ពាក់ព័ន្ធករណីជូញដូរសត្វព្រៃ
(ខេត្តកំពង់ឆ្នាំង)៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចុះល្បាតនាពេលយប់បង្ក្រាប និងឃាត់ខ្លួនមនុស្ស ២នាក់ ពាក់ព័ន្ធនឹង ករណីជួញដូរសត្វព្រៃខុសច្បាប់ ។ ការឃាត់ទូកខាងលើនេះ
នៅម៉ោង ៦ និង ៣០នាទី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឱ្យដឹងថា ក្រុមការងារ ដែលដឹកនាំកម្លាំងដោយលោកផ្ទាល់ បានចេញល្បាតពេលយប់ តាមបឹងទន្លេសាប ស្ថិតនៅចំណុច ភូមិពាមឆ្កោក ឃុំពាមឆ្កោក ដល់ភូមិក្បាលកន្លង់ ភូមិកោះថ្កូវ ភូមិកំពង់បាស្រូវ ភូមិព្រែកត្រប់ ភូមិអន្លង់ត្រី និងឡូអភិរក្សលេខ១០ ភូមិកំពង់អុស ភូមិគៀនតាម៉ា ភូមិថ្មី ស្ថិតក្នុងភូមិសាស្រ្តស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង បានប្រទះឃើញទូក ១ គ្រឿង និងមនុស្ស ២នាក់ប្តីប្រពន្ធ ពាក់ព័ន្ធករណីជួញដូរសត្វព្រៃខុសច្បាប់ ពេលដែលកម្លាំងបានធ្វើការត្រួតពិនិត្យឃើញមានសត្វពស់ថ្លានជាង ៣០ក្បាល ត្រង់ចំណុច (48P VU 74882 55138) កម្លាំងសហការបានចាប់បញ្ជួនយកមកទីបញ្ជាការស្រាលដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នមនុស្ស ២នាក់ប្តី ប្រពន្ធ ត្រូវបានសមត្ថកិច្ច នាំខ្លួនមកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលច្បាប់ហាមឃាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ។ ដោយឡែកសត្វពស់ថ្លាន់ចំនួន ជាង ៣០ក្បាល ត្រូវសមត្ថកិច្ចយកទៅព្រលែងចូលបឹងធម្មជាតិ នៅចំណុចកប់ចេស ដោយបានធ្វើការណែនាំ ប្រជានេសាទ ហាមឃាត់ដាច់ខាតមិនត្រូវប្រើប្រាស់ឩបករណ៍ ខុសច្បាប់ ហើយបើសិនបងប្អូននេសាទបានសត្វពស់ថ្លាន់ ត្រូវព្រលែង ឱ្យវាមានសិរីភាពវិញ ព្រោះជាសត្វកម្រ ៕
សុខ គឹមសៀន



