លោក Trump បើកដៃឲ្យ CIA ប្រតិបត្តិការនៅវេណេស៊ុយអេឡា ក្រោមហេតុផលបង្ក្រាបជនអន្តោប្រវេសន៍ និងសម្អាតគ្រឿងញៀន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានហុចអាវអាជ្ញាសឹកឱ្យទីភ្នាក់ងារ CIA ធ្វើប្រតិបត្តិការនៅវេណេស៊ុយអេឡា ក្នុងគោលបំណងធំៗចំនួនពីរ រួមមានការបង្ក្រាបលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ និងបោសសម្អាតគ្រឿងញៀន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times ក្នុងថ្ងៃព្រហស្បតិ៍។

នៅពេលត្រូវបានសាកសួរតើហេតុអ្វីលោកបើកដៃឱ្យ CIA ធ្វើប្រតិបត្តិការនៅវេណេស៊ុយអេឡា, លោកប្រធានាធិបតី Trump បានឆ្លើយតបថា មូលហេតុរបស់លោក គឺបង្រា្កបជនអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀនដ៏ច្រើនសម្បើមដែលនាំចេញពីប្រទេសអាមេរិកខាងត្បូងមួយនេះចូលទឹកដីសហរដ្ឋអាមេរិក ហើយភាគច្រើនជួញដូរតាមផ្លូវសមុទ្រ។

ជាមួយគ្នានេះ កាសែត New York Times បានដកប្រភពពីមន្រ្តីអាមេរិកដឹងអំពីការសម្រេចចិត្តធ្វើបែបនេះចេញផ្សាយមុនគេថា យុទ្ធសាស្ត្រនៅវេណេស៊ុយអេឡានៃរដ្ឋបាលលោកប្រធានាធិបតី Donald Trump មានគោលបំណងផ្តួលរលំមេដឹកនាំកំពូលវេណេស៊ុយអេឡា លោក Nicolas Maduro ចេញពីអំណាច។

សូមរម្លឹកថា ទីភ្នាក់ងារ CIA ធ្លាប់មានប្រវត្តិធ្វើប្រតិបត្តិការយូរមកហើយនៅអាមេរិកឡាទីន ជាពិសេសក្នុងអំឡុងសង្គ្រាមត្រជាក់ ដោយបានជួយផ្តួលរំលំអាណាចក្រជួញដូរកូកាអ៊ីននៅអាមេរិកខាងត្បូងនៅចុងសតវត្សទី២០។

ចំណែករដ្ឋាភិបាលវេណេស៊ុយអេឡាក៏បានទទួលស្គាល់ផងដែរថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Trump គឺជាការបំពានច្បាប់អន្តរជាតិ ហើយបាននិយាយថា សកម្មភាពរបស់អាមេរិក គឺសំដៅធ្វើប្រតិបត្តិការ “ផ្លាស់ប្តូររបបដឹកនាំស្របច្បាប់វេណេស៊ុយអេឡា” ជាមួយនឹងគោលដៅដណ្តើមយកធនធានប្រេងដ៏មហាសាលរបស់ប្រទេសវេណេស៊ុយអេឡា៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner