បងប្អូនពលករ! កុំភ្លេចចូលរួមពិព័រណ៍ការងារ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដើម្បីទទួលបានឱកាសការងារធ្វើភ្លាមៗ

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនពលករត្រឡប់មកពីថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា បានឱ្យដឹងបន្តថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាបនេះ នឹងត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៧ ខែតុលា រៀបចំនៅសាលាស្រុកអង្គរជុំ, ថ្ងៃទី ១៨ ខែតុលា នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ និងនៅថ្ងៃទី ១៩ ខែតុលា នៅមុខផ្សារកំពង់ក្តី ស្រុកជីក្រែង។

អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងបន្ថែមថា នៅក្នុងពិព័រណ៍នេះ បងប្អូនពលករ ក៏ដូចជាយុវជនអាចដាក់ពាក្យ និងអាចសម្ភាសន៍ការងារភ្លាមៗ ហើយក៏អាចចុះឈ្មោះចូលរៀនជំនាញដែលស័ក្តិសម សម្រាប់បងប្អូនចំនួន ១២ជំនាញ ដោយឥតគិតថ្លៃ ហើយក៏ទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. នៅពេលចូលធ្វើការងារ ដែលរួមមាន៖ អត្ថប្រយោជន៍ហានិភ័យការងារ, ថែទាំសុខភាព និងប្រាក់សោធន។

សម្រាប់ពិព័រណ៍នៅខេត្តសៀមរាបនេះ លោក ស៊ុន មេសា បានអំពាវនាវដល់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ ក៏ដូចជាយុវជនដែលមិនទាន់ទទួលបានការងារធ្វើ សូមទៅចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុក ដែលមានអត្ថប្រយោជន៍ជាច្រើន។

គួរឱ្យដឹងថា ខេត្តសៀមរាប គឺជាខេត្តទី៣ ហើយ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner