អាមេរិកប្រាប់មូលហេតុនៅពីក្រោយមហន្តរាយផ្ទុះនាវាមុជទឹក Titan ក្នុងឆ្នាំ ២០២៣

វ៉ាស៊ីនតោន ៖ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក ហៅកាត់ NTSB បានទម្លាយអាថ៌កំបាំងឱ្យដឹងថា កំហុសវិស្វកម្ម និងការធ្វើតេស្តមិនគ្រប់គ្រាន់ ជាមួលហេតុនៅពីក្រោយឧប្បត្តិហេតុផ្ទុះដ៏មហន្តរាយកាលឆ្នាំ២០២៣ នៃនាវាមុជទឹកទេសចរឯកជនខ្នាតតូចមួយគ្រឿង អំឡុងពេលទៅមើលបំណែកកប៉ាល់ Titanic នៅបាតសមុទ្រ។

សារព័ត៌មាន The Straits Times បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ថា របាយការណ៍នេះត្រូវបានបញ្ចេញបន្ទាប់ពីការស៊ើបអង្កេតរបស់ឆ្មាំល្បាតឆ្នេរអាមេរិក កាលពីខែសីហា បានគូសបញ្ជាក់ពីបញ្ហាមួយចំនួន ជាមួយនឹងការប្រព្រឹត្តរបស់ប្រតិបត្តិករ OceanGate គួបផ្សំនឹងគុណវិបត្តិនៃរចនាបទនៅក្នុងនាវាមុជទឹក Titan ខ្នាតតូចផងនោះ ទើបបង្កឱ្យមានសោកនាដកម្មនេះឡើង ដែលក្នុងនោះអ្នកដំណើរទាំង ៥នាក់បានស្លាប់ទាំងអស់។

របាយការណ៍របស់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក បានលើកឡើងថា គេបានរកឃើញថា ដំណើរការវិស្វកម្មរបស់ OceanGate សម្រាប់នាវាមុជទឹក Titan គឺមិនពេញលេញទេ ក្នុងនោះមានការសាងសង់នាវាដែលមានសម្ពាធទាប ផ្ទុកដោយសមាសធាតុកាបូនហ្វាយប៊ឺមិនប្រក្រតីជាច្រើន និងបរាជ័យក្នុងការបំពេញតម្រូវការកម្លាំង និងភាពធន់ចាំបាច់។

សូមរម្លឹកថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នាវាមុជទឹក Titan ចេញដំណើរបានប្រហែល ១ម៉ោងនិង៤៥នាទី រួចក៏បានដាច់ទំនាក់ទំនង ហើយក្រោយមក កម្ទេចកម្ទីរបស់យានត្រូវបានរកឃើញប៉ុន្មានថ្ងៃបន្ទាប់ នៅក្រោមបាតសមុទ្រចម្ងាយប្រមាណ ៥០០ម៉ែត្រប៉ុណ្ណោះពីបំណែកកប៉ាល់ Titanic ។

អ្នកស្លាប់ទាំង៥នាក់ក្នុងនាវានេះ មានដូចជានាយកប្រតិបត្តិ OceanGate ផ្ទាល់ គឺលោក Stockton Rush, មហាសេដ្ឋីជនជាតិអង់គ្លេស Hamish Harding, អ្នកស្រាវជ្រាវខាងសមុទ្រជនជាតិបារាំង Paul-Henri Nargeolet, មហាសេដ្ឋីប៉ាគីស្ថានសញ្ជាតិអង់គ្លេស Shahzada Dawood និងកូនប្រុសគាត់គឺ Suleman។ សំបុត្រជិះនាវាមុជទឹក Titan មានតម្លៃ ២៥០,០០០ដុល្លារក្នុងមនុស្សម្នាក់៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner