ឯកឧត្តម នុត ច័ន្ទសុខា ៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមឃុំ-សង្កាត់ ជាកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជួយដល់គ្រួសារកសិករ លើកស្ទួយផលិតភាពកសិកម្ម និងប្រាក់ចំណូល
(ភ្នំពេញ)៖ ឯកឧត្តម នុត ច័ន្ទសុខា បានគូសបញ្ជាក់ថា ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមឃុំ-សង្កាត់ ជាកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា ដើម្បីលើកកម្ពស់ជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតភាព កសិកម្មនិងប្រាក់ចំណូល ។
ក្នុងឱកាសតំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសដំបូង និងជំនាញឌីជីថល នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តម នុត ច័ន្ទសុខា មានប្រសាសន៍ថា កម្មវិធីគោលនយោបាយដ៏មានឧត្តមប្រយោជន៍នេះ ទទួលបានការយកចិត្តទុកដាក់ និងជំរុញបន្ថែមទៀតដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិង ថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលក្នុងនោះការដាក់ពង្រាយមន្ត្រីជំនាញកសិកម្ម នៅឃុំ-សង្កាត់ គឺស្ថិតក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល ។ ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមបណ្តា ឃុំ-សង្កាត់ គឺជាការបង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានសកម្មភាពកសិកម្ម ដើម្បីឱ្យកសិករនៅតាមគ្រប់ ឃុំ-សង្កាត់ ទាំងនោះ ទទួលបានសេវាកសិកម្ម ប្រឹក្សាយោបល់បច្ចេកទេសផ្សេងៗ ។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ នូវការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងមជ្ឈមណ្ឌល ព័ត៌មាននិងឯកសារកសិកម្ម ដែលបានសហការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូង និងជំនាញឌីជីថលនាពេលនេះ ដែលជាការឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះមន្ត្រីកសិកម្មឃុំដែលប្រឡងជាប់ តាមនិយាមនីតិវិធីប្រតិបត្តិ ។
ឯកឧត្តម នុត ច័ន្ទសុខា មានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ដែលនឹងត្រូវទទួលតួនាទី ភារកិច្ចជាមន្ត្រីកសិកម្ម ឃុំ-សង្កាត់ ដែលទទួលបានការបណ្តុះបណ្តាលនាពេលនេះ នឹងខិតខំប្រឹងប្រែងបន្តបំពេញតួនាទី និងភារកិច្ច ដែលក្រសួងប្រគល់ជូន ដើម្បីក្លាយខ្លួនជាមន្ត្រីដ៏មានសក្តានុពលប្រកបដោយចំណេះដឹង និងចំណេះធ្វើ ព្រមទាំងមានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មរបស់យើងឱ្យទទួលបានជោគជ័យ ។
គួររំលឹកផងដែរថា ៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាម ឃុំ-សង្កាត់ ចំនួន ១៦០០នាក់ ស្របតាមកម្មវិធីគោលនយោបាយអាទិភាពទី៦របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចមហាបវរ ធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
ផ្អែកតាមកម្មវិធីគោលនយោបាយអាទិភាពខាងលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រសួងមុខងារសាធារណៈ រៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សង្កាត់ចំនួន៣លើក ដែលបានជ្រើសរើសបេក្ខជនជាប់ជាស្ថាពរចំនួន ១ ៦០០នាក់ ដោយលើកទី១ បានជ្រើសរើស និងដាក់ពង្រាយនៅ ឃុំ-សង្កាត់ ចំនួន ២៥០ ក្នុងក្រុង-ស្រុកចំនួន ៨៩ នៃខេត្តចំនួន ១៧ លើកទី២ បានជ្រើសរើសនិងដាក់ពង្រាយនៅឃុំ-សង្កាត់ចំនួន ១០០០ ក្នុងក្រុង ស្រុកចំនួន ១៧៧ នៃខេត្តចំនួន ២៤ និងលើកទី៣ បានជ្រើសរើស និងដាក់ពង្រាយនៅឃុំ-សង្កាត់ចំនួន ៣៥០ ក្នុងក្រុង-ស្រុកចំនួន ១២៦ នៃខេត្តចំនួន ២៣ ។ ក្នុងនោះមន្ត្រីកសិកម្មឃុំ សង្កាត់ចំនួន ១២៥០នាក់ បាននិងកំពុងបំពេញបេកសកកម្មយ៉ាងសកម្មក្នុងការបម្រើសេវាសាធារណៈក្នុងវិស័យកសិកម្ម ជូនប្រជាពលរដ្ឋនៅតាម ឃុំ-សង្កាត់ ដែលជាមូលដ្ឋានបំពេញការងាររបស់ខ្លួន ៕
ដោយ / គ្រី សម្បត្តិ








