លោក Trump ទទួលស្គាល់ថា អាមេរិក-ចិនស្ថិតក្នុងសង្គ្រាមពាណិជ្ជកម្ម
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ដោយបើកចំហរថា សហរដ្ឋអាមេរិក និងចិនកំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមពាណិជ្ជកម្ម ខណៈដែលលោកបានការពារការដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិនថា ជារឿងសំខាន់សម្រាប់សន្តិសុខជាតិ។
នៅពេលត្រូវបានសាកសួរថាតើក្នុងករណីបរាជ័យធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង តើសង្គ្រាមពាណិជ្ជកម្មនឹងអូសបន្លាយពេលតទៅមុខទៀតដែរឬទេ។
លោកប្រធានាធិបតី ត្រាំ បានឆ្លើយតបយ៉ាងដូច្នេះថា ជាការពិតណាស់ យើងនឹងបន្ថែមពន្ធ ១០០ភាគរយ ហើយបើសិនយើងមិនធ្វើវាទេ នោះយើងនឹងគ្មានទទួលបានអ្វីសោះ ដូច្នេះការដំឡើងពន្ធ គឺជាអាវុធដ៏សំខាន់សម្រាប់ការពារប្រទេសជាតិ និងសន្តិសុខជាតិយើង។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន បានបញ្ជាក់ឡើងវិញថា សង្គ្រាមពន្ធ ឬសង្គ្រាមពាណិជ្ជកម្មនឹងគ្មានអ្នកឈ្នះឡើយ ហើយបានទទូចឱ្យភាគីទាំងពីរដោះស្រាយបញ្ហានានា តាមរយៈការចចារឈរលើមូលដ្ឋានស្មើភាពគ្នា ពិសសគោរព និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។
ទោះបីមានសញ្ញាបង្ហាញពីភាពតានតឹងខ្លាំងក្នុងទំនាក់ទំនងអាមេរិក-ចិនក៏ដោយ រដ្ឋមន្រ្តីក្រសួងរតនាគារជាតិអាមេរិក លោក ស្កុត ប៊ីសេន នៅតែអះអាងកាលពីដើមសប្តាហ៍នេះថា លោក ត្រាំ និងលោក ស៊ី នៅតែត្រូវបានគេរំពឹងថា នឹងជួបគ្នាអំឡុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ (APEC) នៅប្រទេសកូរ៉េខាងត្បូង នាចុងខែតុលាខាងមុខនេះ។ គិតមកទល់ពេលនេះ មិនទាន់មានប្រភពទម្លាយឱ្យដឹងថាតើមេដឹកនាំអាមេរិកនឹងធ្វើកិច្ចពិភាក្សាគ្នាអំពីបញ្ហាអ្វីខ្លះនៅឡើយទេ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា