ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ និស្សិត ដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំង ត្រូវខិតខំសិក្សាយកចំណេះជំនាញមកបម្រើសុខភាពប្រជាពលរដ្ឋកម្ពុជា កាន់តែប្រសើរឡើង
(ភ្នំពេញ)៖ និស្សិត ដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំងឆ្នាំសិក្សា ២០២៥-២០២៦ និងនិស្សិតកំពុងសិក្សាក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន ខិតខំសិក្សា នាំយកចំណេះជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ជាពិសេសមកបម្រើដល់ប្រទេសជាតិ ។
នេះជាប្រសាសន៍ណែនាំ របស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេសដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំងឆ្នាំសិក្សា ២០២៥-២០២៦ ។ ដែលពិធីនេះរៀបចំឡើង នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានចូលរួមពី លោកស្រី Marie Buscail ទីប្រឹក្សាទី១នៃស្ថានទូតបារាំង ប្រចាំ កម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ត និងនិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិតឯកទេស សរុបប្រមាណ ៥០០នាក់។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឱ្យដឹងថាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដំណើរការថ្នាក់បណ្តុះបណ្តាល វេជ្ជបណ្ឌិតឯកទេសសរុបចំនួន ២១ និងនៅឆ្នាំសិក្សា ២០២៤-២០២៥នេះ មាននិស្សិតកំពុងសិក្សាវេជ្ជបណ្ឌិតឯកទេស សរុបទាំង ២១ ឯកទេស មានចំនួន ៩៥០នាក់។ ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០២៤ តាមរយៈកិច្ចសហប្រតិបត្តិការជាយូរលង់ ជាមួយដៃគូបារាំង ដោយមានការគាំទ្រពីស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបញ្ជូននិស្សិត ១ ១៦១ នាក់ ទៅបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង។ ឆ្នាំ២០២៥នេះ មាននិស្សិត ថ្នាក់វេជ្ជបណ្ឌិតឯកទេស សរុបចំនួន ៨៤នាក់ បានទទួលអាហារូបករណ៍ទៅបន្តការសិក្សា នៅប្រទេសបារាំង។
លោកស្រី Marie Buscail ទីប្រឹក្សាទី១ នៃស្ថានទូតបារាំង បានរំលេចកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា ជាកិច្ចសហប្រតិបត្តិការបន្តមកតាំងពីយូរលង់ណាស់មកហើយ។ លោកស្រីបានកំណត់សំគាល់ប្រទេសកម្ពុជា គឺជាប្រទេសលេខរៀងទី១ក្នុងពិភពលោកដែលបញ្ជូននិស្សិតវេជ្ជបណ្ឌិតឯកទេសច្រើនជាងគេ ទៅបន្តកម្មសិក្សានៅប្រទេសបារាំង។
ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាងមូលធនមនុស្សជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ហើយបាន ថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលបារាំង ដែលបាននិងកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសគឺការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ឯកឧត្ដមសាស្រ្តាចារ្យបានផ្តល់អនុសាសន៍រំព្ញកជូននិស្សិតជ័យលាភីទាំងអស់ត្រូវថែរក្សាសុខភាព, ខិតខំរក្សាអត្តសញ្ញាណ និងលើកកម្ពស់កិត្យានុភាពប្រទេសជាតិ, បង្កើតបណ្ដាញមិត្តភាពអន្តរជាតិ និងសហការវិទ្យាសាស្ត្រជាមួយសាស្រ្តាចារ្យបារាំង, និស្សិតបរទេស, និងសិក្សាស្រូបចំណេះដឹងថ្មីៗទៅតាមជំនាញរៀងៗខ្លួនឱ្យអស់ពីលទ្ធភាព ៕
ដោយ ៖ ហេង សម្បត្តិ

















