មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលរួមចំណែកបង្កើតការងារជាង ៧០ភាគរយនៃទំហំការងារសរុបនិងចូលរួមចំណែក ៣២ភាគរយនៃទំហំការងារសរុបរបស់ប្រទេសកំពុងអភិវឌ្ឍន៍
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ បានលើកឡើងថា នៅពិភពលោក សេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលរួមចំណែកបង្កើតការងារជាង ៧០ភាគរយនៃទំហំការងារសរុបនិងចូលរួមចំណែក ៣២ភាគរយនៃទំហំការងារសរុបរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ចំណែកឯប្រទេសអភិវឌ្ឍន៍ហើយ ក៏មានសេដ្ឋកិច្ចក្រៅប្រព័ន្ធគ្របដណ្តប់ខ្ទង់ប្រមាណជា២០ភាគរយ ដែលបានចូលរួមនៅក្នុងGDPប្រមាណ ១៦នៃការងារសរុប ។ ប្រទេសរីកចម្រើនមួយចំនួន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលរួមសមារហណកម្មនៅក្នុងសេដ្ឋកិច្ចក្នុប្រព័ន្ធ ដោយស្វ័យប្រវត្តិ ដោយសារការរីកចំរើន អាជីពការងារ ត្រូវបានពង្រឹងសមត្ថភាព ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹង ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
ឯកឧត្តម បញ្ជាក់បន្ថែមថា អ្នកសេដ្ឋកិច្ចប្រព័ន្ធនេះផងដែរក៏បានជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរក្នុងនោះការធ្វើការរកស៊ី រកមួយថ្ងៃរស់មួយថ្ងៃ ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជា ធ្លាប់បានជួបជាមួយនិងវិបត្តិនៃជំងឺកូវីដែ១៩ ជាដើម។ ជាមួយនិងបញ្ហាប្រឈមនានាដែលអាចកើតឡើងចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ ឯកឧត្តម សូ វិសុទ្ធី បានជំរុញឱ្យអ្នកប្រកបរបរក្រៅប្រព័ន្ធ ពិសេសផ្តោតលើ វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលពុំទាន់បានចុះឈ្មោះចូលក្នុង ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ CamIE ត្រូវចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលមានការផ្ដល់ជូន។
ឯកឧត្តម បញ្ជាក់ថា អត្ថប្រយោជន៍ដែលទទួលបានរាប់បញ្ចូលទាំងការ ការពារផ្លូវច្បាប់ ឱកាសទទួលបានហិរញ្ញប្បទាន ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ការលើកទឹកចិត្តផ្នែកពន្ធដារ និងការបណ្ដុះបណ្ដាលជាច្រើនទៀត។ ទន្ទឹមនឹងការបញ្ជាក់ពីអត្ថប្រយោជន៍ទាំងនេះ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងប្រាប់ទៅក្រុមការងារសម្របសម្រួលអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាមន្ទីរជួយបន្តផ្សព្វផ្សាយ ទៅដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានយល់ពីអត្ថប្រយោជន៍នៃការចុះឈ្មោះ និងជួយសម្របសម្រួលបង្ហាត់បង្ហាញ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយល់ពីការចុះឈ្មោះតាមថ្នាលឌីជីថល។
គួរឱ្យដឹងផងដែរថា បុគ្គលដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រោប្រព័ន្ធនៅលើវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ នោះអាចរាប់ចាប់ពីបុគ្គលឯករាជ្យដូចជា អ្នកបង្កើតមានតិកា អ្នកអភិវឌ្ឍន៍កម្មវិធី អ្នកលក់ដូរឧបករណ៍សម្ភារៈទូរគមនាគមន៍ អ្នកជួសជុលកំព្យុទ័រ ទូរសព្ទ និងអ្នកដឹកជញ្ជូនអ្នកដំណើរ ដែលផ្តល់សេវាបញ្ញើប្រៃសណីយ៍ជាដើម។ ការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីមានលទ្ធភាពទទួលបានការលើកទឹកចិត្ត និងការថែបំប៉នផ្សេងៗ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ស្របតាមលិខិតបទដ្ឋានគតិយុទ្ធជាធរមាន។ ចំពោះអ្នកដែលចុះឈ្មោះបាន ក្នុងនោះមាន ទី១ កម្មករនិយោជិកនៃសហកគ្រាសធុនមីក្រូ ទី២កម្មករនិយោជិតម្តងម្កាល ទី៣ សហគ្រាសធុនមីក្រូ និងទី៤បុគ្គលស្វ័យនិយោជន៍។
គួរបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តពីមួយអាណត្តិទៅមួយអាណត្ត បានប្រកាន់ខ្ជាប់នូវគោលជំហរ មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ។ ជាក់ស្ដែងរាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះឈ្មោះចូលក្នុងថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ CamIE ដើម្បីទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចឈានទៅចុះឈ្មោះក្នុងបេឡាជាតិរបបសន្តិសុខសង្គម ក្នុងលក្ខណ្ឌបុគ្គលស្វ័យនិយោជន៍ថែមទៀតផង៕






អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា