អភិបាលខេត្តកំពត៖ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយសំខាន់នៃការងារអភិបាលកិច្ចល្អ
កំពត៖តាមបទពិសោធន៍នៃការដឹកនាំជាអភិបាលខេត្ត ដើម្បីសម្រេចការងារអភិបាលកិច្ចល្អ ប្រតិបត្តិករច្បាប់ និងគោលនយោបាយរដ្ឋត្រូវមានទិសដៅច្បាស់លាស់ មានភាពថ្លៃថ្នូរ សហការជាក្រុម និងផ្តោតលើផលប្រយោជន៍ពលរដ្ឋ ជាធំ។ ហើយការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាផ្នែកសំខាន់ណាស់ដែលអាចជួយធ្វើពលរដ្ឋក្នុងមូលដ្ឋាន មានភាពកក់ត្តៅ និងជឿជាក់លើរាជរដ្ឋាភិបាល។

នេះជាប្រសាសន៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក្នុងបឋកថាស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា កម្មសិក្សាការីវគ្គវិក្រឹតការ មន្ត្រីជាន់ខ្ពស់ថ្នាក់វិន័យ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការអនុវត្តគោលនយោបាយអភិបាលកិច្ចល្អ ក្នុងរដ្ឋបាលខេត្តកំពត” នៅសាលសន្និសីទបូកគោ ខេត្តកំពតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញអំពីគន្លឹះនៃការដឹកនាំ ផែនការយុទ្ធសាស្ត្រ វិធីសាស្ត្រ និងការសម្របសម្រួលដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅលើវិស័យផ្សេងៗ។

ឯកឧត្តមបានគូសរំលេចថា តាមបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការដឹកនាំនៅខេត្តកំពតនេះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយប្រើយន្តការច្បាប់ និងយន្តការគ្រួសារតែមួយ ធ្វើឱ្យពលរដ្ឋ មានភាពកក់ក្តៅក្នុងចិត្ត អបអរសាទរ គោរពស្រឡាញ់ និងគាំទ្ររាជរដ្ឋាភិបាលកាន់តែខ្លាំង។ ក្រៅពីនោះ មានការងារបន្ទាប់បន្សំជាច្រើនទៀត ដែលរដ្ឋបាលខេត្តសម្រេចបាន ទើបធ្វើឱ្យខេត្តកំពត មានភាពលេចធ្លោ លើការងារអភិបាលកិច្ចល្អ។
សូមបញ្ជាក់ថា តាមរយៈវេទិកាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត រដ្ឋបាលខេត្តបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទចំនួន៣.១៥០ករណីហើយ៕
ដោយ៖ សិលា សារិន
