រយៈពេល ៩ខែ ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានដោះស្រាយបញ្ហាក្នុងវេទិកាសាធារណៈជាង ១០០ករណី
(ក្រចេះ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលស្ថិតក្រោមការដឹកនាំពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បាន បំពេញតួនាទី ភារកិច្ច តាមរយៈការចុះធ្វើវេទិកាសារធាណៈ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ការផ្សព្វផ្សាយគោលនយោបាយ បញ្ជ្រាបការយល់ដឹងពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ការជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ការចូលរួមកសាងសមិទ្ធផលសង្គម និងការចុះប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ។
តាមរយៈសមិទ្ធផលនេះជាក់ស្តែងការធ្វើវេទិកាសាធារណៈតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ក្រុមការងារទទួលបានសំណើ សំណូមពរ បញ្ហាប្រឈម ទំនាស់ ឬការតវ៉ាពីប្រជាពលរដ្ឋចំនួន២០លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៣,៧៥៨នាក់។ ដោយទទួលបានសំណើ សំណូមពរ ពីប្រជាពលរដ្ឋចំនួន ១៣៤ករណី ក្នុងនោះបានដោះស្រាយក្នុងវេទិកាចំនួន ១០៧ករណី ស្មើនឹង៨០ភាគរយ បានដោះស្រាយនៅក្នុងឃុំ ស្រុក ខេត្ត ៥ករណីស្មើនឹង ៤ភាគរយ កំពុងដោះស្រាយនៅថ្នាក់ឃុំ ស្រុក ខេត្ត ១៩ករណីស្មើនឹង ១៤ភាគរយ មិនទាន់ដោះស្រាយ ៣ករណីស្មើនឹង ២ភាគរយ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាសាលមហោស្រពខេត្ត នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានស្នើសុំដល់អាជ្ញាធរមូលដ្ឋានមេភូមិ មេប៉ុស្តិ៍ មេឃុំ និងចៅសង្កាត់ សុំបន្តបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ដែលរក្សាឱ្យបាននូវវប្បធម៌ នៃការផ្តល់សេវាមួយដែលមានប្រសិទ្ធភាព គុណភាព ហើយផ្តល់នូវជំនឿទុកចិត្តជូនដល់ប្រជាពលរដ្ឋ។ ចំពោះការផ្តល់សេវានានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាកិច្ចការងារមួយដ៏ចាំបាច់បំផុតរបស់អាជ្ញាធរ។ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ក៏បានកោតសរសើរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមសហការគ្នាក្នុងទិសដៅរួមតែមួយប្រកបទៅដោយការទទួលខុសត្រូវខ្ពស់ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានកោតសរសើរក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៧ នៃខេត្តក្រចេះ ដែលរួមសហការសាមគ្គីគ្នាខិតខំប្រឹងប្រែងបំពេញរាល់កិច្ចការងារប្រៀបបានទៅនឹងយុទ្ធសាស្រ្តខ្យងបណ្តាក់គ្នា មានន័យថាក្រុមការងារបានធ្វើជាប្រចាំ ដើម្បីក្តាប់បញ្ហា និងដោះស្រាយបញ្ហាជូនដល់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជាមួយគ្នានេះប្រធានក្រុមការងារក៏បានលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបន្តធ្វើសកម្មភាពនៅតាមមូលដ្ឋានឱ្យកាន់តែសស្រាក់សស្រាំបន្ថែមទៀតក្នុងនេះដូចជា ការរៀបចំវេទិកាសាធារណៈ គឺជាចំណុចសំខាន់មួយដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធ និងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តម្រូវការ និងសំណូមពរដែលបានលើកឡើងបានចំគោលដៅ ទាន់ពេលវេលា ក្នុងការកែលំអរក្នុងសហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅ និងគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំបន្ថែមឱ្យដល់ក្រុមការងាររាជរដ្ឋាភិបាល ត្រូវពង្រឹងការផ្តល់នូវសេវាតម្រូវការនានាជូនប្រជាពលរដ្ឋ ឱ្យរហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់បំផុតនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បន្ទាប់ពីស្តាប់របាយការណ៍លើកឡើងដោយលោក ដួង ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អំពីលទ្ធផលនៃការចុះធ្វើសកម្មភាពការងារ និងជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលទាំង ៧ក្រុង ស្រុករួចមក, ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ដែលបានប្រឹងប្រែងរួមសហការសាមគ្គីក្នុងការបំពេញកិច្ចការងារ កន្លងមកបានយ៉ាងល្អ។ ទិសដៅការងារបន្តដើម្បីពង្រឹងប្រសិទ្ធិភាពការងារ និងពង្រីកភាពខ្លាំងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីបន្តសកម្មភាពបម្រើប្រជាពលរដ្ឋ នៅគ្រប់តំបន់មូលដ្ឋានក្នុងខេត្តបានកាន់តែល្អប្រសើរទ្វេឡើងទៀត។
ឯកឧត្តម វ៉ា ថន បានបន្តថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវលើការងារផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងនោះក៏បានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមជាក្តីកង្វល់ សំណើ សំណូមពរ និងទំនាស់ក្នុងគោលដៅគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ជាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាន់តែមានប្រសិទ្ធភាពថែមទៀត៕
ដោយ ៖ ម៉ាដេប៉ូ





