លោក Zelensky សង្ឃឹមថា អាមេរិកនឹងនាំសន្តិភាពឲ្យអ៊ុយក្រែន ដូចនៅមជ្ឈិមបូព៌ា
កៀវ ៖ មុនពេលជួបមុខមេដឹកនាំអាមេរិកសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហើបពីក្តីសង្ឃឹមរបស់ខ្លួនថា សន្ទុះវិជ្ជមានក្នុងដំណើរការសន្តិភាពមជ្ឈិមបូព៌ា នឹងអាចជួយឱ្យភ្លើងសង្រ្គាមឆាបឆេះជាង ៣ឆ្នាំនៅអ៊ុយក្រែន ឆ្ពោះទៅរកសន្តិភាពជាមួយរុស្ស៊ី។
លោកប្រធានាធិបតី Zelensky បានបង្ហោះសារលើបណ្តាញសង្គម Telegram ថា លោកនឹងមានជំនួបគ្រោងទុកមួយជាមួយលោកប្រធានាធិបតី Trump ហើយលោកមានជំនឿចិត្តខ្ពស់ថា ផ្អែកលើកម្លាំងរុញច្រានទប់ស្កាត់ភេរវកម្ម និងសង្រ្គាមដែលដំណើរការនៅមជ្ឈិមបូព៌ា ក៏នឹងអាចជួយបញ្ចប់សង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនបានផងដែរ។
ជាមួយគ្នានេះ លោកប្រធានាធិបតី Zelensky មិនបាននិយាយសំដៅដោយផ្ទាល់លើការប្រកាសរបស់លោកប្រធានាធិបតី Trump ក្នុងការជួបចរចាជាថ្មីជាមួយមេដឹកនាំរុស្ស៊ី លោក Putin នៅប្រទេសហុងគ្រីទេ ប៉ុន្តែលោកអះអាងថា ច្បាស់ណាស់ថា នៅពេលលឺពីមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk រុស្ស៊ីកំពុងប្រញាប់ងាកមកបន្តការសន្ទនាវិញ។
ផ្អែកលើមូលហេតុនេះ ទោះបីអាមេរិកព្រម ឬមិនព្រមផ្តល់មីស៊ីល Tomahawk ឱ្យទីក្រុងកៀវក៏ដោយ មេដឹកនាំអ៊ុយក្រែនវ័យ៤៧ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា លោកកំពុងជួបជាមួយតំណាងក្រុមហ៊ុនការពារជាតិ ជាក្រុមហ៊ុនផលិតអាវុធដ៏មានឥទ្ធិពល ដែលពិតជាអាចពង្រឹងការការពាររបស់អ៊ុយក្រែនបាន រួមទាំងប្រព័ន្ធការពារដែនអាកាស ដើម្បីទប់ទល់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។
មូលហេតុដែលរុស្ស៊ីហាក់ដូចជាខ្លាចញញើតនឹងមីស៊ីល Tomahawk របស់អាមេរិក គឺដោយសារតែកាំជ្រួចរយៈចម្ងាយឆ្ងាយមួយនេះ អាចមានសមត្ថភាពវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយរហូតដល់ ២,៥០០គីឡូម៉ែត្រឯណោះ ដូច្នេះរដ្ឋធានីមូស្គូ និងទីក្រុងធំៗដទៃទៀតរបស់រុស្ស៊ី អាចនឹងក្លាយជាគោលដៅវាយប្រហារដោយមីស៊ីលអ៊ុយក្រែន។
សម្រាប់លោកប្រធានាធិបតី Trump វិញ ក៏ធ្លាប់បានព្រមានរួចហើយថា លោកអាចនឹងសម្រេចចិត្តផ្គត់ផ្គង់មីស៊ីល Tomahawk ដល់អ៊ុយក្រែន បើសិនលោកប្រធានាធិបតី Putin មិនយល់ព្រមបញ្ចប់សង្គ្រាមអ៊ុយក្រែន៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
