ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ៖ កម្ពុជាគោរពកិច្ចព្រមព្រៀងឈប់បាញ់ ក៏ប៉ុន្តែ ភាគីថៃមិនបានអនុវត្តន៍ដោយស្មោះត្រង់ឡើយ ដោយចាប់ផ្តើម រាយបន្លាលួស ដាក់កង់ឡាន ទន្ទ្រានចូលអធិបបតេយ្យភាព កម្ពុជា ដោយខុសច្បាប់
(ភ្នំពេញ)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប៊ុលហ្គារី បានបញ្ជាក់ប្រាប់ ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំប្រទេសរូម៉ានីដែលទើបតែងតាំងថ្មី ថា បញ្ហាជម្លោះកម្ពុជា-ថៃ កម្ពុជាប្តេជ្ញា និងស្មោះត្រង់គោរព កិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក៏ប៉ុន្តែ ភាគីថៃមិនបានអនុវត្តន៍ដោយស្មោះត្រង់ឡើយ ដោយចាប់ផ្តើម រាយបន្លាលួស ដាក់កង់ឡាន ទន្ទ្រានចូលអធិបបតេយ្យភាព កម្ពុជា ដោយខុសច្បាប់ មិនតែប៉ុណ្ណោះ ពួកគេបានចាក់សំឡេងសត្វឆ្កែលូ ឆ្កែព្រូស និងសំឡេងខ្មោច ដើម្បីបន្លាចប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ដើម្បីរំខានមិនឱ្យដេកបាន គោលបំណងបង្ខំឱ្យពួកគេជម្លៀសចេញពីតំបន់នេះ។
ឯកឧត្តម បញ្ជាក់បន្ថេមថា កម្ពុជា មិនឈ្លានពានថៃ ហើយក៏មិនឱ្យបាត់បង់ទឹកដី ដែលយើងមានក្រោយសន្ធិសញ្ញា បារាំងសៀម ១៩០៤ និង ១៩០៧ កម្ពុជាត្រូវការសន្តិភាព ក្នុងការដោះស្រាយគ្នាមិនបាន សូមភាគីថៃក្លាហានទៅដោះស្រាយនៅតុលាការអន្តរជាតិ ICJ ។
នេះប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី ខណៈទទួលជួប ឯកឧត្តម Noel Servigon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំប្រទេសរូម៉ានី ដែលទើបតែងតាំងថ្មី ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥ នៅស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប៊ុលហ្គារី ។
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ជឿជាក់ថា ទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាង កម្ពុជា-ហ្វីលីពីន នឹងបន្តរីកចម្រើន និងរឹងមាំឡើងទៅទៀត។ រយៈពេលជាច្រើនទសវត្សកន្លងមកនេះ ប្រទេសយើងទាំងពីរបានចែករំលែកនូវបទពិសោធន៍ ការរឹតចំណងមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងការសហការដ៏ជិតស្និទ្ធទាំងផ្នែកទ្វេភាគី និងក្នុងសមាគមអាស៊ាន។
គួរបញ្ជាក់ថា កម្ពុជា និងហ្វីលីពីន បានភ្ជាប់ទំនាក់ទំនងផ្លូវការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៧ តែត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម។ លុះខែកុម្ភៈ ឆ្នាំ១៩៩២ បន្ទាប់ពីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសហ្វីលីពីន ក៏បានភ្ជាប់ទំនាក់ទំនងឡើងវិញ។ ចាប់ពីឆ្នាំ១៩៩២មក ទំនាក់ទំនងរវាង កម្ពុជា និងហ្វីលីពីន ត្រូវបានលើកកម្ពស់ និងពង្រីកជាបន្តបន្ទាប់ ៕
ដោយ៖ង៉ាន់ ទិត្យ

















