ព្រឹត្តិការណ៍វាយកូនគោល Vattanac Legends Championshipនឹងបង្ហាញអំពីប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ

(ភ្នំពេញ)៖ ក្រុមហ៊ុនវឌ្ឍនៈ គ្រុប នឹងរៀបចំការប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោក ដែលព្រឹត្តិការណ៍ការប្រកួតនេះមានឈ្មោះថា Vattanac Legends Championship ដែលដំណើរការប្រកួត ចាប់ពីថ្ងៃទី ១៩ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានកីឡាវាយកូនគោលលំដាប់អន្តរជាតិធំជាងគេក្នុងប្រទេសកម្ពុជាគឺ វឌ្ឍនៈ ហ្គោល រីសត ។

បើតាមការបញ្ជាក់ ពី លោក James Durkin នាយកទីលានកីឡាវាយកូនគោលវឌ្ឍនៈហ្គោលរីសត បានគូបញ្ជាក់ថា ការនាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ មកកាន់ប្រទេសកម្ពុជា មិនមែនត្រឹមតែនាំកីឡានោះទេ ពោលគឺយើងនាំឱ្យពិភពលោកស្គាល់អ្វីទៅជាប្រទេសកម្ពុជាយើងនិងស្គាល់អំពីវប្បធម៌របស់កម្ពុជាផងដែរ។ហើយអ្វីដែលជាចំណុចពិសេសនោះ គឺយើងអាចលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយបានស្គាល់អ្វីទៅជាកីឡាកូនគោល ហើយកីឡាកូនគោលគេលេងបែបណា។ តាមរយៈការចូលរួមទស្សនាការប្រកួតដែលមានកីឡាករកូនគោលល្បីៗដែលធ្លាប់ជាកីឡាករវាយកូនគោលជើងខ្លាំងនៅលើពិភពលោក។

ពាក់ព័ន្ធនឹងការនាំយកព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជាជាលើកដំបូងនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈ បានលើកឡើងថា ព្រឹត្តិការណ៍ជើងឯកនេះគឺជាការប្រកួតកីឡាពិភពលោកដ៏ធំមួយ ដែលបើកទំព័រថ្មីសម្រាប់ជាតិយើង និងបង្ហាញអំពីប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាលំដាប់ពិភពលោក។ វាថែមទាំងជានិមិត្តរូបនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់កម្ពុជាផងដែរ។ តាមរយៈព្រឹត្តិការណ៍បែបនេះ យើងបានបង្ហាញពីភាពរីកចម្រើនរបស់យើង ហើយក៏បានបង្ហាញថាកីឡាអាចពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រទេសនិងប្រទេសផងដែរ។កម្ពុជាគឺជាប្រទេសដែលឲ្យតម្លៃទៅលើសន្តិភាព និងមិត្តភាព។ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជើងឯកនេះសង្ឃឹមថានឹងណែនាំប្រជាជនខ្មែរបានស្គាល់ពីកីឡាវាយកូនហ្គោលឲ្យបានកាន់តែច្រើន ព្រមទាំងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយឲ្យចូលចិត្តលេងកីឡានេះប្រកបដោយមោទនភាព។

អ្នកឧកញ៉ា បានគូបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ Vattanac Legends Championship នឹងនាំយកកីឡាករវាយកូនគោលដ៏អស្ចារ្យបំផុតរបស់ពិភពលោកជាច្រើនមកកាន់ប្រទេសកម្ពុជា រួមទាំងប្រធានក្រុម Ryder Cup ម្ចាស់ជើងឯក Major និងឥស្សរជនអន្តរជាតិល្បីៗជាច្រើនរូបផងដែរ។ ពួកគេនឹងចូលរួមប្រកួតនៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត ដែលជាទីលានវាយកូនហ្គោលលំដាប់អន្តរជាតិទទួលបានពានរង្វាន់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ដែលរចនាឡើងដោយម្ចាស់ជើងឯក Major ៦សម័យកាល គឺលោក Sir Nick Faldo។ ទីលាននេះត្រូវបានរចនាលក្ខណៈអន្តរជាតិដោយរួមបញ្ចូលគ្នាជាមួយរូបចម្លាក់បេតិកភណ្ឌវប្បធម៌ខ្មែរជាច្រើន ដែលបង្ហាញពីភាពស្រស់ស្អាត និងសិល្បៈហត្ថកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ បេសកកម្មរបស់ វឌ្ឍនៈ គ្រុប គឺតែងលើកតម្កើងវប្បធម៌ និងមោទនភាពរបស់ខ្មែរយើង ក៏ដូចបន្តកសាងអនាគតនៃឧត្តមភាព នវានុវត្តន៍ភាព និងមិត្តភាពផងដែរ។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីទស្សនៈវិស័យទាំងនេះ ដែលនាំមកដោយកីឡា ទេសចរណ៍ និងឱកាស ក្រោមគោលដៅតែមួយ ដើម្បីបង្ហាញពិភពលោកថា កម្ពុជាមានសន្តិភាព មានមោទនភាព និងត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍ពិភពលោក។ទន្ទឹមជាមួយគ្នានោះ អ្នកឧកញ៉ា ក៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ និង សហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា ចំពោះការគាំទ្រ និងការណែនាំចង្អុលបង្ហាញ។ ជាមួយការត្រៀមស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក អ្នកឧកញ៉ា បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យរួបរួមគ្នា និងគាំទ្រព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ សូមចូលរួមជួយផ្សព្វផ្សាយវាទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍របស់យើងទាំងអស់គ្នា។ សូមយើងទាំងអស់គ្នាបង្ហាញពិភពលោកនូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតរបស់កម្ពុជា ភាពរួសរាយរាក់ទាក់ សេចក្តីសប្បុរស និងមោទនភាពរបស់យើង ដែលធ្វើឲ្យប្រទេសជាតិជាប្រទេសដ៏ពិសេសមួយ។សូមទាំងអស់គ្នាចូលរួម ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យដ៏ធំធេង និងបង្កើតប្រវត្តិ សាស្ត្រ និងអនុស្សាវរីយ៍ដ៏អស្ចារ្យដែលបន្សល់ទុកការចងចាំសម្រាប់ប្រទេសកម្ពុជាយើង ជាពិសេសសម្រាប់ពិភពលោក ។

គួរឱ្យដឹងដែរថា វឌ្ឍនៈ ហ្គោល រីសត គឺជារមណីយដ្ឋានវាយកូនគោលដ៏ប្រណិត និងទទួលបានពានរង្វាន់នៅក្នុងទីក្រុងភ្នំពេញដែលមានភាពទំនើប។ ទីលានវាយកូនគោលដែលមាន៣៦ រន្ធ រចនាឡើងដោយលោក Sir Nick Faldo និងគ្រប់គ្រងដោយ Troon ទីតាំងនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាកន្លែងល្អបំផុតក្នុងប្រទេស ដោយធ្វើដំណើរមានរយៈពេលត្រឹមតែ៣៥ នាទីប៉ុណ្ណោះពីកណ្តាលទីក្រុងភ្នំពេញ។

រមណីយដ្ឋានវាយកូនហ្គោលលំដាប់កំពូលនេះត្រូវបានទទួលស្គាល់ដោយទទួលបានពានរង្វាន់សំរឹទ្ធសម្រាប់រមណីយដ្ឋានវាយកូនហ្គោលល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២២ ដោយវឌ្ឍនៈ ហ្គោល រីសត ជាប់ចំណាត់ថ្នាក់ជារមណីយដ្ឋានវាយកូនហ្គោលលេខ៣ នៅអាស៊ីប៉ាស៊ីហ្វិក។ ពានរង្វាន់ដែលមានកិត្យានុភាព បានទទួលស្គាល់ និងផ្តល់កិត្តិយសដល់ល្អបំផុតនៅក្នុងឧស្សាហកម្មវាយកូនហ្គោលអាស៊ីប៉ាស៊ីហ្វិក ហើយត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជា “ពានរង្វាន់អូស្ការ” នៃឧស្សាហកម្មក្លឹបវាយកូនហ្គោលអន្តរជាតិ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner