រកឃើញរោងចក្រផលិតបារីនៅខេត្តតាកែវ ដំណើរការមិនគោរពត្រឹមត្រូវច្បាប់បរិស្ថាន

(ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយ លោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីតំណាងឃុំកណ្ដឹងតូច ឃុំត្រពាំងសាប មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដឹង និងមន្ទីរបរិស្ថានខេត្តតាកែវ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានរកឃើញការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន LH-TBC (CAMBODIA) CO., LTD ស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។

ក្រុមការងារបានពិនិត្យឃើញថារោងចក្រមិនបានបំពាក់ប្រព័ន្ធបឺតខ្យល់ក្នុងអគារផលិតកម្មគ្រប់គ្រាន់ និងពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកាត់បន្ថយក្លិនភាយចេញទៅក្រៅនោះទេ។ រោងចក្រមានឡសម្ងួតចំនួន ១គ្រឿង និងពុំមានបំពាក់ប្រព័ន្ធសម្អាតផ្សែងនោះទេ។ ក្រុមការងារបានធ្វើតេស្តគុណភាពខ្យល់ត្រូវបានរកឃើញ លើសកម្រិតកំណត់ស្ដង់ដា។ ជាមួយគ្នានេះ រោងចក្របាន ដំណើរការអាជីវកម្ម ពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធ។

នៅចំពោះមុខ ក្រុមការងារបានចាត់វិធានការច្បាប់ ដោយតម្រូវឱ្យក្រុមហ៊ុន

  • ត្រូវរៀបចំបំពាក់ប្រព័ន្ធសម្អាតក្លិននៅអគារផលិតកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបំពាក់ប្រព័ន្ធសម្អាតផ្សែងនៅឡសម្ងួតឱ្យបានត្រឹមត្រូវ និងអនុលោមតាមស្ដង់ដាកំណត់។
  • ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់
  • ត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ
    -ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់
  • ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន។

ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានរាយការណ៍និងផ្តល់ព័ត៌មានពិត ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងបានចូលរួមសាមគ្គីក្នុងការរៀបចំកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាមានភាពស្អាត តរហូតទៅ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner