សម្ដេច ម៉ែន សំអន ៖ រាជដ្ឋាភិបាលរក្សាបានល្អលើកំណើនសេដ្ឋកិច្ចជាតិ បើទោះជាប្រទេសថៃបានបិទច្រកទ្វាព្រំដែនអន្តរជាតិដោយឯកតោភាគីក្តី

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង បានថ្លែងថាទាក់ទងទៅនិងស្ថានភាព សន្តិសុខ និងសេដ្ឋកិច្ច សម្តេចបានបញ្ជាក់ថា បើទោះជាប្រទេសថៃបង្កភាពអសកម្មមកលើកម្ពុជា គ្រប់សកម្មភាព គិតរហូតមកដល់បច្ចុប្បន្ន ក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រក្សាបាន នូវបូរណភាពទឹកដី នៅគ្រប់តំបន់ ដែលថៃចូលទន្ទ្រានឈ្លានពាន ក្នុងនោះរាជដ្ឋាភិបាលរក្សាបានល្អលើកំណើនសេដ្ឋកិច្ចជាតិ បើទោះជាប្រទេសថៃបានបិទច្រកទ្វាព្រំដែនអន្តរជាតិដោយឯកតោភាគីក្តី ។

ការថ្លែងលើកឡើងរបស់សម្ដេចម៉ែន សំអន បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំខែកញ្ញា និងទិសដៅភារកិច្ចសំខាន់ៗប្រចាំខែតុលា របាយការណ៍ប្រចាំ ៩ខែ និងទិសដៅសម្រាប់អនុវត្តបន្តនៅត្រីទី៤ឆ្នាំ២០២៥។

ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ស្វាយរៀង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ក្រុង ចុះជួយខេត្តប្រមាណជាង ១០០នាក់ផងដែរ។

សម្ដេច បានបញ្ជាក់ថា រោងចក្រ សហគ្រាស និងគ្រឹះស្ថានផ្សេងៗ ដែលកើតមាននៅតាមមូលដ្ឋាន គឺជាសមិទ្ធផល ដែលក៏កើតឡើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដូច្នេះ មន្ត្រីបក្សគ្រប់ឋានានុក្រមត្រូវចូលរួមអប់រំកម្មករ កម្មការិនី ឲ្យយល់ពីសារ:ប្រយោជន៍ នៃរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ដើម្បីឲ្យពួកគាត់ចូលរួមថែរក្សាការពារសមិទ្ធផលទាំងនោះឲ្យបានគង់វង្ស ដើម្បីទាញយកផលប្រយោជន៍ ពីរោងចក្រ សហគ្រាសនិងគ្រឹះស្ថានទាំងនោះមកបម្រើជីវភាពនិងអភិវឌ្ឍន៍គ្រួសារ  ខណៈដែលខេត្តស្វាយរៀង យើងមានក្រុមហ៊ុនចូលមកវិនិយោគ បង្កើតការងារជូនពលរដ្ឋក្នុងខេត្តនិងខេត្តជិតៗជារាប់ពាន់កន្លែង។

សម្តេចបានណែនាំដល់ មន្ត្រីក្រុមការងារចុះជួយស្រុក ក្រុង ត្រូវធ្វើការអប់រំសតិអារម្មណ៍ ប្រជាពលរដ្ឋ ពិសេសយុវជន ឲ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព និងថែរក្សាសមិទ្ធផលនានាដែលកើតមាននៅតាមមូលដ្ឋាន ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។

សម្តេចក៏បានជំរុញដល់រដ្ឋបាលមូលដ្ឋាន សហការជាមួយក្រុមការងារចុះជួយស្រុក ឃុំ បន្តចុះចលនាពលរដ្ឋ ពិសេសពលករ ដែលមកពីថៃ ឲ្យពួកគាត់ទៅទទួលយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពីវិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោហ៊ុន សែន ស្វាយរៀង ដើម្បីទទួលបានចំណេះដឹងយកទៅរកការងារធ្វើ ស្រូបកំម្រៃពលកម្ម ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឃន៏សង្គមជាតិ ។

សម្តេចអនុប្រធានគណបក្ស ក៏បានថ្លែងនូវការកោតសសើរ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ក្រុង ដែលកន្លងមកបានដឹកនាំអនុវត្តគោលនយោបាយគណបក្ស ក្នុងកិច្ចការ ការពារ និងការងារអភិវឌ្ឍន៏មូលដ្ឋានបានល្អ ធ្វើអោយពលរដ្ឋ និងក្រុមអ្នកវិនិយោគ មានជំនឿមកលើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត គ្រប់កាលៈទេសៈផងែរ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner