ប៉ាគីស្ថាន-អាហ្វហ្គានីស្ថានពន្យារពេលបទឈប់បាញ់

អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានយល់ព្រមអូសបន្លាយពេលបទឈប់បាញ់បណ្តោះអាសន្នចំនួន ៤៨ម៉ោង ឬ២ថ្ងៃថែមទៀត រហូតដល់បញ្ចប់ការចចារបញ្ឈប់ជម្លោះរវាងភាគីទាំងពីរនៅទីក្រុងដូហា ប្រទេសកាតា នេះបើយោងតាមប្រភពពីមន្រ្តីសន្តិសុខរបស់ប្រទេសទាំងពីរ។

ប្រតិភូប៉ាគីស្ថានបានហោះទៅដល់ទីក្រុងដូហាហើយ ខណៈដែលប្រតិភូអាហ្វហ្គានីស្ថានក៏នឹងហោះមកដល់នៅថ្ងៃសៅរ៍នេះផងដែរ។ ជាមួយគ្នានេះ ទាំងក្រសួងការបរទេស និងការពារជាតិរបស់ប្រទេសទាំងពីរមិនបានធ្វើការឆ្លើយតប ចំពោះសំណើសុំការអត្ថាធិប្បាយទាក់ទងបទឈប់បាញ់ និងប្រធានបទសំខាន់នៃការចចារនៅទីក្រុងដូហានោះទេ។

យ៉ាងណាមិញ មុនពេលកិច្ចប្រជុំនេះចាប់ផ្តើម អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានក៏បានព្រមានធ្ងន់ៗដែរថា អាហ្វហ្គានីស្ថាននឹងបញ្ជាឱ្យកងកម្លាំងខ្លួនគោរពតាមបទឈប់បាញ់ ដរាបណាភាគីប៉ាគីស្ថានមិនបើកការវាយប្រហារណាមួយម្តងទៀត។

គួរបញ្ជាក់ថា បទឈប់បាញ់បណ្តោះអាសន្នរវាងប្រទេសជិតខាងអាស៊ីខាងត្បូងធ្វើឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដែលបានសម្លាប់មនុស្សរាប់សិបនាក់ ក្នុងនោះរួមមានទាំងជនស៊ីវិល និងរាប់រយនាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល។

ដើមចងនៃជម្លោះនេះ កើតឡើងបន្ទាប់ពីប៉ាគីស្ថានបានវាយលុកទីតាំងនានាក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយកំណត់គោលដៅលើអ្វីដែលខ្លួនចោទថា ជាកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធ ប៉ុន្តែទីតាំងទាំងនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ភ្នំ។ ភាគីទាំងពីរក៏បានប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែន ហើយការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ បានបញ្ជាក់ពីភាពតានតឹងកាន់តែជ្រៅរវាងរដ្ឋអ៊ីស្លាមទាំងពីរ៕

ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner