ហ្វីលីពីនជម្លៀសប្រជាជន ៩ ពាន់នាក់គេចចេញពីព្យុះត្រូពិចថ្មីទៀត

ម៉ានីល ៖ ប្រជាជនដល់ទៅ ៩,០០០នាក់រស់នៅតំបន់ប្រជុំកោះក្នុងប្រទេសហ្វីលីពីន បានបង្ខំចិត្តចាកចោលផ្ទះសម្បែងរបស់ពួកគេ ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិច នៅក្នុងថ្ងៃសៅរ៍នេះ ខណៈអ្នកជំនាញឧតុនិយមព្រមានពីហានិភ័យទឹកជំនន់ មុនពេលព្យុះត្រូពិច Fengshen មកដល់។

ព្យុះត្រូពិចនេះត្រូវបានគេព្យាករថា នឹងវាយប្រហារឆ្លងកាត់ខេត្ត Catanduanes ដែលជាកោះក្រីក្រមួយមានប្រជាជនរស់នៅប្រហែល ២៧០,០០០នាក់ប៉ុណ្ណោះ ជាមួយនឹងកម្លាំងខ្យល់បោកបក់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

សេវាឧតុនិយមរដ្ឋាភិបាលបានរំពឹងថា ព្យុះ Fengshen នឹងពាំនាំមកនូវភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានហានិភ័យទឹកជំនន់ភ្លាមៗ និងរលកសមុទ្រមានកម្ពស់ចាប់ពី ១ទៅ២ម៉ែត្រ។ ជាមួយគ្នានេះ បណ្តាខេត្តជិតខាងមួយចំនួន មានដូចជា Sorsogon និង Albay ក៏បានអំពាវនាវឱ្យប្រជាជនភៀសខ្លួនទៅកាន់ទីសុវត្ថិភាពផងដែរ។

គួរបញ្ជាក់ថា ហ្វីលីពីនបានទទួលរងការវាយប្រហារពីព្យុះខ្សោយ និងព្យុះទីហ្វុងជាមធ្យមចំនួន ២០ព្យុះក្នុងមួយឆ្នាំៗ ដែលធ្វើឱ្យសេដ្ឋកិច្ចប្រជាជនរាប់លាននាក់ធ្លាក់ក្នុងភាពក្រីក្រ។

ជាងនេះទៅទៀត អ្នកវិទ្យាសាស្រ្តក៏បានព្រមានដែរថា ឥឡូវនេះ ឥទ្ធិពលខ្យល់ព្យុះ និងគ្រោះរញ្ជួយដីកាន់តែកាចសាហាវជាងមុន ដោយសារតែការកើនឡើងកម្តៅផែនដី បង្កឡើងពីស្នាដៃមនុស្សទើបជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ។

តួយ៉ាង ស្របពេលដែលព្យុះត្រូពិច Fengshen មកដល់នោះ ហ្វីលីពនបានរងការវាយប្រហារជាបន្តបន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីដ៏កក្រើក ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ៨៧នាក់កាលពី៣សប្តាហ៍មុន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner