កូរ៉េខាងត្បូងបញ្ចប់វិបត្តិផ្នែកវេជ្ជសាស្រ្តរយៈពេលជិត ២០ខែ ក្រោយក្រុមគ្រួពេទ្យឈប់ធ្វើបាតុកម្ម

សេអ៊ូល ៖ កូរ៉េខាងត្បូងនឹងដកការប្រកាសអាសន្នផ្នែកសុខាភិបាលសាធារណៈក្នុងកម្រិតកំពូល ដែលបានដាក់ចេញដោយសារផ្ទុះបាតុកម្មតវ៉ារបស់ក្រុមគ្រួពេទ្យទូទាំងប្រទេសកាលពីឆ្នាំ ២០២៤ ហើយនេះជាការប្រកាសបិទបញ្ចប់វិបត្តិផ្នែកវេជ្ជសាស្រ្តជាផ្លូវការ ក្រោយកើតមានអស់រយៈពេលជិត ២០ខែ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកូរ៉េខាងត្បូង លោកស្រី Jeong Eun Kyeong បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលនឹងដកការប្រកាសអាសន្នក្នុងកម្រិតធ្ងន់ធ្ងរ ទាក់ទិនវិបត្តិសុខាមាលភាព និងវេជ្ជសាស្រ្តជាផ្លូវការ នៅពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៩ ខែតុលា។

លោកស្រី Jeong ក៏បានអះអាងដែរថា ឆាប់ៗនេះ ការប្រកាសអាសន្ននឹងត្រូវដកចេញ នៅពេលដែលស្ថានភាពវេជ្ជសាស្រ្តមានស្ថេរភាពដូចមុន ពោលគឺបន្ទាប់ពីក្រុមគ្រួពេទ្យភាគច្រើនត្រឡប់ទៅធ្វើការវិញកាលពីឆ្នាំ ២០២៤។

នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូងហើយ ដែលត្រូវបង្ខំចិត្តប្រកាសអាសន្នក្នុងកម្រិតធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងវិស័យថែទាំសុខភាព។ គិតមកទល់ពេលនេះ ប្រព័ន្ធសុខាភិបាលកូរ៉េខាងត្បូងបានដំណើរការធម្មតាជាប្រក្រតីឡើងវិញរហូតដល់ ៩៥ភាគរយហើយ។

សូមរម្លឹកថា វិបត្តិផ្នែកវេជ្ជសាស្រ្តបានកើតឡើងតាំងតែពីដើមខែកុម្ភៈ ឆ្នាំ ២០២៤មកម្លេះ បន្ទាប់ពីរដ្ឋាភិបាលអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានដាក់ចេញផែនការបង្កើនចំនួនសិស្សប្រឡងចូលសាលាពេទ្យ ដើម្បីដោះស្រាយការខ្វះខាតគ្រូពេទ្យនៅក្នុងប្រទេស។

ប៉ុន្តែក្រុមគ្រូពេទ្យកម្មសិក្សាយល់ថា ផែនការរបស់រដ្ឋាភិបាលនឹងមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយពួកគេទៅវិញទេ ដែលជាជនរងគ្រោះនៃប្រព័ន្ធសុខាភិបាលសព្វថ្ងៃ ដែលមានលក្ខខណ្ឌការងារដ៏លំបាក និងទទួលបានប្រាក់ខែទាប។ យោងតាមការព្យាករបានបង្ហាញថា កូរ៉េខាងត្បូងខ្វះខាតគ្រូពេទ្យចំនួន ១៥,០០០នាក់នៅឆ្នាំ ២០៣៥៕

ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner