ក្រុមប្រឹក្សាគណៈទន្តពេទ្យចំនួន៣ខេត្ត រួមមានស្វាយរៀង កណ្ដាល ព្រៃវែង បើកសិក្ខាសាលាផ្សព្វផ្សាយ នូវដែនកំណត់ បទដ្ឋាន និងនិយាមវិជ្ជាជីវៈ សម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ នៅកម្ពុជា

(ស្វាយរៀង)៖ លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៥នេះ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ នូវដែនកំណត់ បទដ្ឋាន និងនិយាមវិជ្ជាជីវៈ សម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជា ។

លោកសាស្ត្រាចារ្យបានបន្តថា ដោយមានការណែនាំពីសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលឲ្យគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំធ្វើការផ្សព្វផ្សាយ ជាប្រចាំនូវ លិខិតបទដ្ឋានគតិយុត្តនានា ដល់សមាជិក សមាជិការបស់ខ្លួន សំដៅលើកកំពស់ការអនុវត្តច្បាប់ របស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងសាធារណៈ និងឯកជន។

លោកសាស្ត្រាចារ្យ បានស្នើ ឲ្យគណៈទន្តពេទ្យកម្ពុជា នៅតែរក្សាបេសកកម្មដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងស្តង់ដារនៃការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រ ដើម្បីការពារផលប្រយោជន៍ សេចក្តីថ្លៃថ្នូរ និងភាពសុច្ចរិតក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្ត្រ របស់ទន្តពេទ្យ និងធានាបានថា ប្រជាជន កម្ពុជា ទទួលបានសេវាទន្តសាស្ត្រប្រកបដោយគុណភាព និងសុវត្ថិភាព។

លោកសាស្ត្រាចារ្យបានណែនាំដល់ទន្តពេទ្យទាំងអស់ឱ្យប្រើប្រាស់បណ្តាញសង្គម ប្រកបដោយការទទួលខុសត្រូវខ្ពស់ដែលជាប្រយោជន៍ដល់វិជ្ជាជីវៈទន្តសាស្ត្រ និងសាធារណៈជនទាំងមូល និងចៀសវាងជាដាច់ខាតនូវការបង្ហោះ ឬចែករំលែកសាររូបភាព ឬវីដេអូដែលប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូរ តម្លៃវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈទន្តសាស្ត្រ។

បន្ថែមលើសពីនេះ លោសាស្ត្រាចារ្យបានថ្លែងអំពាវនាវដល់ទន្តពេទ្យប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ចូលរួមសិក្សា ស្វែងយល់ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពិសេសក្រមសីលធម៌ ទន្តពេទ្យ ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល និងដែនកំណត់ បទដ្ឋាន និងនិយាមវិជ្ជាជីវៈសំរាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជាដើម្បីអោយការ និងទោសទ័ណ្ឌ ប្រកបវិជ្ជាជីវៈទន្តសាស្ត្ររបស់យើងមានសុវត្ថិភាពគេចផុតពីការដាក់ពិន័យ ជាយថាហេតុ។

បើតាមលោកវេជ្ជបណ្ឌិតទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានពង្រឹងអនុវត្តច្បាប់គ្រប់គ្រងសេវាឯកជនជាប់ជាប្រចាំ ដោយ បច្ចុប្បន្ននេះ មានសេវាមាត់-ធ្មេញ ជាឯកជន សរុបចំនួន៥៤កន្លែង ក្នុងនោះមានមន្ទីរសម្រាកព្យាបាល មាត់ធ្មេញ ១. បន្ទប់ពិគ្រោះជំងឺមាត់ធ្មេញ ១៩ និងបន្ទប់ថែទាំមាត់ធ្មេញ ៣៤។

ក្នុងឱកាសនោះ លោកទន្តបណ្ឌិត ឈៀង ឈន ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យខេត្តស្វាយរៀងបានសំណូមពរក្នុងសិក្ខាសាលានេះចំនួន៣ចំណុចសំខាន់រួមមាន៖

ទី១. ស្នើសុំគណៈទន្តពេទ្យជាតិកម្ពុជាជួយសម្របសម្រួលពិន្ទុ CPD ក្នុងការស្នើសុំ និងបន្ត អាជ្ញាបណ្ណ ដល់ សមាជិកសមាជិការ។

ទី២. ស្នើសុំគណៈទន្តពេទ្យជាតិកម្ពុជាជួយសម្របសម្រួលតម្លៃក្នុងការបណ្តុះបណ្តាលបន្តដែលរៀបចំដោយ សមាគមន៍ ក៍ដូចជាក្រុមហ៊ុននានាផងដែរ ដើម្បីអោយសមាជិក សមាជិការយើងមាន ឱកាស និងលទ្ធភាពចូលរួម។

ទី៣.សូមមាន ការគាំទ្រពីក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរ ពាក់ពន្ធ័ទាំងអស់ ដើម្បី ជំរុញដល់ការអនុវត្តការងាររបស់ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់អោយបានរីកចម្រើន ទៅ មុខជា បណ្តើរៗ សង្ឃឹមថានឹងទទួលបានសមិទ្ធផលជាវិជ្ជមាន ក្នុងការបម្រើសេវាជូនដល់ប្រជាជន ប្រកបដោយ គុណភាព ប្រសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ៕

ត នាង

ads banner