ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្ត ក្រុងពាលី ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វត្តបុទុមរតនដីដុះ

(ខេត្តកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វត្តបុទុមរតនដីដុះ ។

ពិធីនេះធ្វើឡើង នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តបុទុមរតនដីដុះ ស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមកបានពោលថា ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯង តែងបានសុខក្នុងមនុស្សលោក និងទេវលោកនាអនាគត។

កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធ ដែលកើតមានពីអង្គកឋិនទាន និងដើម្បី ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនា រីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ៕

លី ពៅ

ads banner