ក្រុមហ៊ុនគំរូចំនួន៤ ជោគជ័យ ក្នុងការអនុវត្តស្តង់ដា ISO14001 ក្រោយការដាក់ឲ្យដំណើរការរយៈពេល ១០ខែ នៃឆ្នាំ២០២៥
(ភ្នំពេញ)៖ ក្រុមហ៊ុនគំរូចំនួន៤ ដែលបានអនុវត្តស្តង់ដា ISO14001 (EMS) ដោយជោគជ័យ ក្រោយការដាក់ឲ្យដំណើរការរយៈពេល ១០ខែ នៃឆ្នាំ២០២៥ កន្លងមក ក្រោមការជួយឧបត្ថមគាំទ្រ ដោយអង្គការផលិតភាពអាស៊ី APO ។ ISO 14001 គឺជាកម្រិតស្តង់ដាអន្តរជាតិ ដែលផ្តល់លក្ខខណ្ឌមួយសម្រាប់អង្គភាពគ្រប់គ្រង និងទទួលខុសត្រូវលើបរិស្ថាន ដោយគ្រប់គ្រងផលប៉ះពាល់បរិស្ថាននៅក្នុងអង្គភាព និងធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់នៃការអនុវត្តបរិស្ថាន ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សហគ្រាសមីក្រូធុនតូច និងមធ្យម ។
ការបញ្ជាក់ពីភាពជោគជ័យនេះ បានប្រកាសដោយមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត ក្នុងពិធីមួយដែលបានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការទទួលបន្ទុក និងអ្នកជំនាញពីអង្គការ APO ចំនួន ៦រូប ផងដែរ ។ តំណាងក្រុមហ៊ុន សហគ្រាស ផ្សេងៗទៀតជាច្រើន ដែលមិនទាន់បានចាប់ផ្តើមអនុវត្តនូវស្តង់ដា ISO14001 ក៏ត្រូវបានអញ្ជើញមកចូលរួមស្តាប់ ការធ្វើបទបង្ហាញពីបទពិសោធន៍ពីក្រុមហ៊ុនគំរូនៅក្នុងឱកាសនោះដែរ ។
លោក អ៊ុ សេរីវុទ្ធ ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ បានថ្លែងថា តាមរយៈគម្រោងក្រុមហ៊ុនគំរូនេះ គឺបានជួយក្រុមហ៊ុនចំនួន ៤ រួមមាន៖ ១. ក្រុមហ៊ុន LYLY Food Industry Co., Ltd ២. ក្រុមហ៊ុន Kirirom Food Production (K.F.P) Co., Ltd. ៣. ក្រុមហ៊ុន K&K Pipe (Cambodia) Co., Ltd និងទី៤ ក្រុមហ៊ុន Cam Paint ផលិតថ្នាំពណ៌ជាតិ ដែលជួយឲ្យក្រុមហ៊ុនទាំងនោះទទួលបានការធ្វើឲ្យប្រសើរឡើងនូវផលិតភាពការងារ តាមរយៈការកាត់បន្ថយភាពខ្ជះខ្ជាយ ការគ្រប់គ្រងកាកសំណល់ កាប្រើប្រាសធនធានឲ្យអស់ពីលទ្ធភាព ជាពិសេសនោះ គឺរបស់ណាដែលបានប្រើប្រាស់រួច យើងអាចប្រើប្រាស់ឡើងវិញបាន ដេលកាត់បន្ថយចំណាយ បង្កើនប្រាក់ចំណេញ ដើម្បីចីរភាពនៃអាជីវកម្មរបស់អង្គភាព ។
លោក សោម សម្បត្តិ អគ្គនាយក ក្រុមហ៊ុន ថ្នាំពណ៌ជាតិ Cam Paint ដែលបានអនុវត្តគម្រោងនេះរួច បានថ្លែងថា លោកពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមលើកកម្ពស់ស្តង់ដាបរិស្ថាន ISO 14001 នេះ ដែលមានការជំរុញយ៉ាងខ្លាំងពីមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម និងអង្គការ APO ។ លោកបញ្ជាក់ថា ពាក្យថាបរិស្ថាននេះ មានតម្លៃខ្លាំងណាស់ នៅពេលដែលក្រុមហ៊ុនទាំងអស់បានអនុវត្តស្តង់ដាបរិស្ថាននេះ ដែលអាចបំប្លែងពីភាពអាក្រក់ឲ្យមកល្អបាន អាចធ្វើឲ្យទឹកកខ្វក់ ឲ្យមកល្អបាន, ធ្វើឲ្យកន្លែងកខ្វក់ដែលមានធូលី ឲ្យទៅជាស្អាតនិងអស់ធូលីទៅបាន ដែលទាំងនេះ បានលើកកម្ពស់ជីវិតការងារ និងជីវិតរស់នៅរបស់មនុស្ស ដោយលោកបានរំពឹងថា ក្រុមហ៊ុន សហគ្រាស ផ្សេងៗទៀត នឹងមានការចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថានស្អាតនៃប្រទេសកម្ពុជា ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព៖ វ៉េង លឹមហួត

























