ប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានព្រមលើបទឈប់បាញ់ជាបន្ទាន់

ដូហា ៖ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ អំឡុងកិច្ចប្រជុំចរចា នៅប្រទេសកាតា។

ក្រសួងការបរទេសកាតា បានប្រកាស នៅថ្ងៃអាទិត្យនេះថា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានព្រមព្រៀងគ្នា ចំពោះបទឈប់បាញ់ “ភ្លាមៗ” នៅឯកិច្ចចរចា ដែលសម្របសម្រួល ដោយរដ្ឋាភិបាល ទីក្រុងដូហា។ ការព្រមព្រៀងនេះធ្វើឡើង ក្រោយ១ថ្ងៃ បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ១០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់ប៉ាគីស្ថាន បន្ទាប់ពីបទឈប់បាញ់មុន។ ភាគីទាំងពីរអះអាងដូចគ្នាថា ក្នុងជម្លោះប្រដាប់អាវុធ ប៉ុន្មានថ្ងៃមកនេះ ស្លាប់មនុស្សរាប់សិបនាក់ ទាំងសងខាង។

ក្រសួងការបរទេស កាតា បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងអំឡុងពេលការចរចា ភាគីទាំងពីរបានយល់ព្រម លើបទឈប់បាញ់ភ្លាមៗ និងការបង្កើតយន្តការ ដើម្បីពង្រឹងសន្តិភាព និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ»។

ក្នុងអំឡុងពេលការចរចា ភាគីទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំបន្ត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីធានានិរន្តរភាពនៃបទឈប់បាញ់ និងផ្ទៀងផ្ទាត់ការអនុវត្តប្រកបដោយភាពជឿជាក់ និងនិរន្តរភាព ដូច្នេះ រួមចំណែកដល់ការសម្រេចបាននូវសន្តិសុខ និងស្ថិរភាពនៃប្រទេសទាំងពីរ។

ក្រសួងការបរទេសបានសម្តែងក្តីសង្ឃឹម របស់រដ្ឋកាតាថា ជំហានដ៏សំខាន់នេះនឹងរួមចំណែកដល់ការបញ្ចប់ភាពតានតឹង នៅតាមព្រំដែនរវាងប្រទេស ជាបងប្អូនទាំងពីរ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់សន្តិភាពប្រកបដោយនិរន្តរភាព នៅក្នុងតំបន់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner