រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីណាឌី សាធារណរដ្ឋហ្វីជី

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីណាឌី សាធារណរដ្ឋហ្វ៊ីជី។

កិច្ចប្រជុំអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៧ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី ឬគម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើង ដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហានានា និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗ ស្តីពីលទ្ធផលសម្រេចបានក្នុង វិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner