ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ អនាគតរបស់កម្ពុជា គឺពឹងផ្អែកលើសិស្សានុសិស្សទាំងអស់ដែលជាធនធានមនុស្សដ៏ល្អ ជាគ្រាប់ពូជដ៏មានតម្លៃ សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរស់រានមានជីវិតតជំនាន់

អត្ថបទដោយ៖
ហេង វណ្ណា

(កំពត)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានគូសបញ្ជាក់ថា អនាគតរបស់កម្ពុជាគឺពឹងផ្អែកលើសិស្សានុសិស្សទាំងអស់ ដែលជាធនធានមនុស្សដ៏ល្អ ជាគ្រាប់ពូជដ៏មានតម្លៃ សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរស់រានមានជីវិតតជំនាន់ ។

ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយសិស្សជ័យលាភី ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ ទូទាំងខេត្តកំពត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានចូលរួមអបអរសាទរដល់សិស្សជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាំងចិត្តសិក្សារៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរ ដែលនេះគឺជាមោទនភាពសម្រាប់ខ្លួនឯង គ្រួសារ សាលារៀន និងសង្គមជាតិទាំងមូល ។ ជោគជ័យរបស់សិស្សានុសិស្សទាំងអស់ក៏ជាជោគជ័យរបស់លោកគ្រូអ្នកគ្រូ ក្នុងការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនផ្ដល់ចំណេះដឹង ដែលជាបេសកកម្មដ៏វិសេសវិសាលរបស់គ្រូបង្រៀនចំពោះសិស្សានុសិស្ស ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងខេត្តកំពត ដែលបានចូលរួមជួយជ្រោមជ្រែងលើវិស័យអប់រំក្នុងខេត្តនេះ និងអាចនិយាយបានថាមានតែខេត្តកំពតទេ ដែលវិស័យអប់រំត្រូវបានជ្រោមជ្រែងខ្លាំងក្លាពីអាជ្ញាធរខេត្តនិងក្រុមការងារ ហើយនេះក៏ជាគំរូមួយសម្រាប់អនុវត្តនៅខេត្តដទៃទៀត និងរាជធានីភ្នំពេញផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកកិច្ចការអប់រំថាជាកិច្ចការដ៏សំខាន់ចាំបាច់បំផុត ដែលត្រូវរួមគ្នាជួយជ្រោមជ្រែងលើកកម្ពស់វិស័យនេះ ឱ្យកាន់តែមានគុណភាព និងល្អប្រសើរឡើង ដើម្បីបង្កើតមូលធនមនុស្សសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។ អនាគតរបស់កម្ពុជាគឺពឹងផ្អែកលើសិស្សានុសិស្សទាំងអស់ដែលជាធនធានមនុស្សដ៏ល្អ ជាគ្រាប់ពូជដ៏មានតម្លៃសម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរស់រានមានជីវិតតជំនាន់ ។

បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថានៅឆ្នាំក្រោយៗទៀត ខេត្តកំពតនឹងទទួលបានសិស្សជ័យលាភីនិទ្ទេសAកើនឡើងច្រើនជាងនេះបន្ថែមទៀត ហើយក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមិនទទួលបានលទ្ធផលល្អក្នុងការប្រឡង សូមកុំបាក់ទឹកចិត្តឬអស់សង្ឃឹម តែត្រូវក្រោកឡើងតស៊ូលើដំណើរជីវិតដ៏វែងឆ្ងាយ សម្រួចគោលដៅក្នុងជីវិតរបស់ខ្លួនឲ្យបានច្បាស់លាស់ ហើយតាំងចិត្តខ្ពស់ដើម្បីសម្រេចឲ្យបាននូវគោលដៅនោះ ហើយសូមកុំខ្លាចការលំបាក ឆ្លងកាត់ការលំបាកកាន់តែច្រើន នឹងធ្វើឱ្យខ្លួនយើងរឹងមាំកាន់តែខ្លាំង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការណែនាំដល់សិស្សានុសិស្ស ក្រៅពីការសិក្សាក្នុងថ្នាក់រៀនគឺត្រូវរៀនពីសង្គមជុំវិញខ្លួន ត្រូវរៀនរស់ក្នុងសង្គម ត្រូវយល់ដឹងអំពីច្បាប់ទម្លាប់ផ្សេងៗ និងកិច្ចការឌីជីថល ត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រូវមានប្រាក់ចំណូល និងចេះសន្សំប្រាក់ ត្រូវយល់ដឹងអំពីប្រព័ន្ធនយោបាយរបស់កម្ពុជា ត្រូវយល់ដឹងអំពីវប្បធម៌អរិយធម៌របស់ខ្មែរ មានវិចារណញ្ញាណចេះដឹងខុសត្រូវ ត្រូវរៀនបន្សាំខ្លួនឯងទៅនឹងសង្គម ត្រូវមានសីលធម៌ គុណធម៌ ព្រហ្មវិហារធម៌ យល់ដឹងពីវិធីសាស្រ្តថែទាំខ្លួន ចេះគ្រប់គ្រងពេលវេលាអោយបានល្អ ត្រូវចេះចូលរួមគ្រប់គ្រងផ្ទះសម្បែងឱ្យបានល្អ មានភាពជាអ្នកដឹកនាំនិងធ្វើការជាក្រុម ដែលទាំងនេះសុទ្ធសឹងជាកត្តាសំខាន់ ដើម្បីជំរុញឱ្យអនាគតរបស់ខ្លួន និងប្រទេសជាតិកាន់តែល្អប្រសើរ ។

លើសពីនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានក្រើនរំលឹកដល់ប្អូនៗមានចំណេះដឹង បញ្ញា និងវិជ្ជាជីវៈមិនទាន់គ្រប់គ្រាន់នោះទេ សម្រាប់គុណភាពនៃខ្សែជីវិតជាក់ស្តែងនៅក្នុងសង្គមជាតិ ប្អូនៗត្រូវមានសុជីវធម៌ សីលធម៌ គុណធម៌ ចរិយាមារយាទ អត់ធ្មត់តស៊ូព្យាយាម ជម្នះរាល់ការលំបាក និងដាក់គោលដៅឱ្យបានជាក់លាក់ ទើបអាចធ្វើឱ្យជីវិតអាចដើរលើផ្លូវមួយទៅកាន់អនាគតបានល្អប្រសើរ ។ ទន្ទឹមនឹងនេះ ដើម្បីរត់ប្រណាំងជាមួយនឹងពិភពលោកបច្ចុប្បន្ន ការយល់ដឹងអំពីប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ដែលសាលារៀនកម្ពុជាត្រូវតែមាន ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner