មេអ៊ីស្រាអែល ថា សង្រ្គាមហ្គាហ្សាមិនទាន់ចប់ បើហាម៉ាស់មិនទម្លាក់អាវុធ

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមាន កាលពីថ្ងៃសៅរ៍ថា សង្គ្រាមនៅតំបន់ហ្គាហ្សានឹងមិនបញ្ចប់ទេ លុះត្រាតែក្រុមហាម៉ាស ត្រូវបានដកហូតអាវុធ ហើយ ទឹកដីប៉ាឡេស្ទីន គ្មានយោធា។

ការប្រកាសរបស់លោក បានកើតឡើង នៅពេលដែលក្រុមប្រដាប់អាវុធហាម៉ាសបានប្រគល់អដ្ឋិធាតុ នៃចំណាប់ខ្មាំងពីរនាក់ បន្ថែមទៀត កាលពីយប់ថ្ងៃសៅរ៍ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយឈ្មួញកណ្តាល របស់សហរដ្ឋអាមេរិក។ ការិយាល័យ របស់លោក Netanyahu បាននិយាយថា ក្រុមកាកបាទក្រហមបានទទួលអដ្ឋិធាតុនៃចំណាប់ខ្មាំងពីរនាក់ ពីក្រុមហាម៉ាស ហើយបានប្រគល់ពួកគេ ទៅឱ្យកងកម្លាំងអ៊ីស្រាអែល ដើម្បីកំណត់អត្តសញ្ញាណ។

លោក Netanyahu បានក្រើនរំលឹកថា ការបញ្ចប់ដំណាក់កាលទី ២ នៃបទឈប់បាញ់ មានសារៈសំខាន់ ក្នុងការបញ្ចប់សង្គ្រាម និងពាក់ព័ន្ធនឹងការរំសាយអាវុធ របស់ក្រុមហាម៉ាស និង ការរំសាយទ័ព នៅតំបន់ហ្គាហ្សាស្ទ្រីប។

នៅក្នុងការបង្ហាញខ្លួន លើកញ្ចក់ទូរទស្សន៍ ស្តាំនិយមអ៊ីស្រាអែល លោក Netanyahu បានបន្ថែមថា «នៅពេលដែលវាត្រូវបានបញ្ចប់ ដោយជោគជ័យ – សង្ឃឹមថា នៅក្នុងវិធីដ៏ងាយស្រួលមួយ ប៉ុន្តែ ប្រសិនបើមិនមែនទេ ឬ នៅក្នុងវិធីដ៏លំបាកមួយ សង្រ្គាមនឹងមិនបញ្ចប់»។

ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ បាននិយាយថា ខ្លួនមានរបាយការណ៍គួរឱ្យទុកចិត្ត ដែលថា ក្រុមហាម៉ាសកំពុងរៀបចំផែនការវាយប្រហារ ដែលជិតមកដល់ ប្រឆាំងនឹងជនស៊ីវិលនៅតំបន់ហ្គាហ្សា ដោយព្រមានថា នឹងក្លាយជា “ការរំលោភលើបទឈប់បាញ់” ។

ប្រភពបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រសិនបើក្រុមហាម៉ាស់ បន្តការវាយប្រហារនេះ វិធានការនានានឹងត្រូវធ្វើឡើង ដើម្បីការពារប្រជាជននៃតំបន់ហ្គាហ្សា និង រក្សាបូរណភាពនៃបទឈប់បាញ់» តែ មិនបានបញ្ជាក់លម្អិតគោលដៅ នៃការវាយប្រហារបែបណានោះទេ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner