ថៃ ៖ លោក អាប់ភីស៊ីត ក្លាយជាមេបក្សប្រជាធិបតេយ្យ ជាថ្មី
បាងកក ៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក អាប់ភីស៊ីត វ៉េចាជីវ៉ា (Abhisit Vejjajiva) ត្រូវបានតែងតាំង ឲ្យក្លាយជាមេដឹកនាំគណបក្សប្រជាធិបតេយ្យជាថ្មី ជាបក្សនយោបាយចំណាស់បំផុត និងជាបក្សអភិរក្ស។
ការបោះឆ្នោតតែងតាំង ដែលធ្វើឡើង កាលពីថ្ងៃសៅរ៍ បានកើតមាន នៅមុនពេលមានការបោះឆ្នោតសកល ដែលគ្រោងធ្វើឡើង នៅឆ្នាំក្រោយ។
លោក អាប់ភីស៊ីត ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ទទួលបានការគាំទ្រ៩៦ភាគរយ ក្នុងការបោះឆ្នោតក្នុងចំណោមសមាជិកបក្ស។ លោកបានលាលែងពីតំណែងជាមេដឹកនាំបក្សមួយនេះ កាលពីឆ្នាំ២០២៣ ក្រោយមានបញ្ហាបែកបាក់ផ្ទៃក្នុងជាច្រើនឆ្នាំ បូករួមជាមួយការធ្លាក់ចុះប្រជាប្រិយភាព ចាប់តាំងពីការបង្រ្កាបបាតុកម្មដ៏អាក្រក់ កាលពីឆ្នាំ២០១០ ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ជាង៩០នាក់ និងរងរបួសជាង ២០០០នាក់។
បុរសវ័យ ៦១ ឆ្នាំ បានប្រាប់សមាជិក បន្ទាប់ពីការបោះឆ្នោតថា «ខ្ញុំសូមអរគុណអ្នកគ្រប់គ្នា សម្រាប់ការជឿជាក់លើសមត្ថភាពរបស់ខ្ញុំម្តងទៀត…បេះដូងខ្ញុំមិនដែលចាកចេញពីទីនេះទេ»។
កើតនៅប្រទេសអង់គ្លេស និងបានសិក្សា នៅទីនោះ លោក អាប់ភីស៊ីត ដែលជាជនជាតិថៃ-អង់គ្លេស ជារឿយៗ ត្រូវបានគូប្រជែងចោទប្រកាន់ថា មិនមានទំនាក់ទំនង ជាមួយជនជាតិថៃ និង គេចចេញពីការបម្រើយោធាជាកាតព្វកិច្ច របស់ប្រទេស។
ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៤៦ គណបក្សប្រជាធិបតេយ្យ ធ្លាប់មានឥទ្ធិពលខ្លាំងលើនយោបាយ និង ជាគូប្រជែងដ៏យូរអង្វែង ជាមួយចលនាអាវក្រហម របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប៉ុន្តែ ក្នុងប៉ុន្មានឆ្នាំថ្មីៗ មានការធ្លាក់ចុះ នៃការគាំទ្រ និង ការមិនចុះសម្រុងផ្ទៃក្នុង។
អ្នកវិភាគនិយាយថា ការត្រលប់មកវិញរបស់ លោក អាប់ភីស៊ីត អាចដាក់គណបក្សប្រជាធិបតេយ្យថា ជាតួអង្គសំខាន់ នៅក្នុងការស្ទង់មតិបន្ទាប់ ដែលលោកទំនងជានឹងក្លាយជាបេក្ខជននាំមុខគេ។
បច្ចុប្បន្ន ប្រទេសថៃ ត្រូវបានគ្រប់គ្រង ដោយរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី អានុទីន ដែលធ្លាប់ បានសន្យារំលាយសភា និង រៀបចំការបោះឆ្នោតថ្មី ក្នុងរយៈពេល ៤ខែ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត