សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ កម្រិត 4F តម្លៃជាង២០០០លានដុល្លារ
(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង ២០០០លានដុល្លារ បានសម្ពោធជាផ្លូវការហើយនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត គឺចំថ្ងៃខួបកំណើត របស់សម្តេចគម្រប់៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F តម្លៃជាង២០០០លានដុល្លារនេះ បានធ្វើប្រតិបត្តិការទទួលជើងហោះហើរបានជាង១ខែ ពោល គឺចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥មក ។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារថ្មីភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក បានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល នៅលើផ្ទៃដីដ៏ល្វឹងល្វើយជាង ២.៦០០ហិកតា ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបណ្ទុករដ្ឋលេខាធិការដ្ឋអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ កម្រិត 4F គឺជាសមិទ្ធផលប្រវត្ដិសាស្ដ្រកើតចេញពីការវិនិយោគរួមគ្នា ក្នុងភាពជាដៃគូ រវាងរដ្ឋ និងឯកជន OCIC លើផ្ទៃដីទំហំ ២ ៦០០ហិកតា ស្ថិត ក្នុងខេត្ដកណ្ដាល និងមួយផ្នែកក្នុងខេត្ដតាកែវ ក្រោមទុនវិនិយោគប្រមាណ២០០០លានដុល្លារ។ ក្នុងដំណាក់កាលទី១ ពីឆ្នាំ២០២៥-២០៣០ អាកាសយានដ្ឋានដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីភ្នំពេញ អាចទទួលអ្នកដំណើរឆ្លងកាត់បាន ១៣លាននាក់ក្នុង ១ឆ្នាំ និងកើនដល់ ៣០លាននាក់ នូវដំណាក់កាលពីទី២ ពីឆ្នាំ២០៣0-២០៥០។
វត្តមាននៃអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F បានបង្ហាញពីវឌ្ឍនភាពជា ប្រវត្តិសាស្រ្តដ៏ធំមួយរបស់កម្ពុជា ដែលមានវិសាលភាព និងការរចនាលំដាប់ពិភពលោក។ អាកាសយានដ្ឋាននេះ បានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យ កម្មដ៏អស្ចារ្យបំផុត១ក្នុងចំណោម ១១ នៃស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅលើពិភពលោក ដែលមានការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព ។
អាកាសយានដ្ឋានអន្តរជាតិនេះ គឺមានសមត្ថភាពទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីបដោយអាចឱ្យយន្តហោះធុនធំរហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ តាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានយន្តហោះនេះ បានជាប់ចំណាត់ថ្នាក់លេខ ៩ លើពិភពលោកក្នុងចំណោមអាកាសយានដ្ឋាន ប្រភេទ 4F។
ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្តថា ក្នុងរយៈពេល ៧ខែមកនេះ ពីខែមករា-កក្កដា អាកាសយានដ្ឋានអន្តរជាតិទាំង ៣ (ភ្នំពេញ-សៀមរាប-ព្រះសីហនុ) មានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ៣៧ ៤៩២ជើង។ ចំនួននេះ កើនជិត ១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។ ជាមួយគ្នានេះ អ្នកដំណើរចេញ-ចូល (ទ្វេទិស) គឺមានចំនួន ៤,០៨លាននាក់ កើនឡើងជិត ១៦ភាគរយផងដែរ ខណៈទំនិញដែលដឹកតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួន ៤៧ ២១៨តោន កើនឡើង ២៨ភាគរយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




















