ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ
(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែតុលាឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជន ស្រុកកំពង់ស្វាយ។
លោកជំទាវ ឃួន ឃុនឌី បានថ្លែងការកោតសរសើរចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានចុះជាប់ជាមួយនឹងប្រជាជននិងបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាជននៅមូលដ្ឋានក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានពិសេសរៀបចំ ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយរួមទាំងគម្រោងវិនិយោគសាធារណៈ និងការងារជួសជុលថែទាំងផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពិសេសបានលះបង់កម្លាំងកាយ ចិត្ត សម្ភារៈ ថវិកា ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងបម្រើជូនគាត់តាមលទ្ធភាពដែលអាចធ្វើបានឲ្យបានលឿន។
លោកជំទាវបន្តថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ មិនតែប៉ុណ្ណោះពេលណាប្រជាជនមានការលំបាកគណបក្សប្រជាជនកម្ពុជាមិនដែលបោះបង់ ឬរត់ចោលប្រជាជនយើងម្ដងណានោះឡើយពិសេសក្រុមការងារគ្រប់ជាន់ថ្នាក់បន្តចុះមូលដ្ឋានដើម្បីជួយដល់ប្រជាពលរដ្ឋ និងសមាជិកបក្សដែលជួបទុក្ខលំបាកអាចបានដឹងអំពីសុខទុក្ខបងប្អូនថែរក្សាចំណងសាមគ្គីភាពរឹងមាំជាមហាគ្រួសារបក្សនៃគណបក្សប្រជាជនកម្ពុជា។
លោកជំទាវបានការណែនាំដល់ក្រុមការងារនិងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់បន្តរួមកម្លាំងគ្នាជាកម្លាំងសរុប ដើម្បីការកសាងនិងពង្រឹងគណបក្ស តាមរយៈការពង្រឹង ការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ និងការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទន្ទឹមនឹងការជំរុញកសាងសមាជិកគណបក្សបន្ថែម ទាំងបរិមាណនិងគុណភាព ដោយផ្តោតជាពិសេសលើយុវជន និងការទប់ស្កាត់រាល់ឧបាយកលទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន ទន្ទឹមនឹងការធ្វើការងារសាធារណៈមតិ និងប្រតិកម្មរហ័សចំពោះការញុះញង់ និងការមួលបង្កាច់នានា។
លោកជំទាវស្នើសុំបន្តខិតខំប្រឹងប្រែងបញ្ចូលសមាជិកថ្មីៗតាមឃុំទាំងអស់ក្នុងស្រុកបន្ថែមទៀតឱ្យបានច្រើនឱ្យបងប្អូនជឿជាក់ និងទុកចិត្តលើគណបក្សចូលរួមបន្តចុះផ្សព្វផ្សាយរួមគ្នាអនុវត្តលើកយកយុទ្ធស្រាស្តគោលដៅចម្បងចូលរួម ពង្រឹងសមត្ថភាពបន្ថែមជាអាទិភាព ខិតខំប្រឹងប្រែងបន្តយន្តការរបស់គណបក្សឱ្យបានផុលផុស ដើម្បីបង្កើតនៅសមាសភាពសមាជិកថ្មីៗឱ្យបានកើនទ្បើងតាមលទ្ធិភាពដែលអាចធ្វើទៅបាន។
លោកជំទាវ ឃួន ឃុនឌី បានណែនាំឱ្យរដ្ឋបាលស្រុក ឃុំ និងកម្លាំងសមត្ថកិច្ច បន្តពង្រឹងសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសការបង្រាបក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់, បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាជន ៕
ដោយ ៖ ប៊ុនរដ្ឋា





