អ៊ីស្រាអែលសម្លាប់ប៉ាឡេស្ទីន ៩៧នាក់ ទោះមានបទឈប់បាញ់

ហ្គាហ្សា ៖ អ៊ីស្រាអែលបានសម្លាប់ប៉ាឡេស្ទីន ៩៧នាក់ នៅហ្គាហ្សា តាំងពីផ្តើមមានបទឈប់បាញ់។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល នៅតំបន់ Gaza បាននិយាយថា អ៊ីស្រាអែលបានសម្លាប់ ជនជាតិប៉ាឡេស្ទីន យ៉ាងតិច៩៧នាក់ និងរបួស ២៣០នាក់ផ្សេងទៀត ចាប់តាំងពីការចាប់ផ្តើម នៃបទឈប់បាញ់ និង បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ចំនួន៨០ដង។

យោធាអ៊ីស្រាអែលអះអាងថា រលកនៃការវាយឆ្មក់តាមអាកាស គឺជាការឆ្លើយតប ទៅនឹងការរំលោភបទឈប់បាញ់ របស់ក្រុមហាម៉ាស់ តែ ក្រុមប្រដាប់អាវុធទាំងនេះ បានបដិសេធ។

គួរបញ្ជាក់ថា ថ្មីៗនេះ ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានប្រកាសបញ្ចប់ជម្លោះ ដែលបានអូសបន្លាយ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ សម្លាប់ជីវិតមនុស្ស អស់រាប់ម៉ឺននាក់។

ផ្អែកតាមកិច្ចព្រមព្រៀង ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង នៅហ្គាហ្សា។ អ៊ីស្រាអែល ត្រូវដកកងទ័ពរបស់ខ្លួន ចេញពីផ្នែកខ្លះ នៃទីតាំងហ៊ុមព័ទ្ធ ហើយក្រោយមកទៀត ត្រូវដកទ័ពទាំងស្រុង។

ក្របខ័ណ្ឌបទឈប់បាញ់ ២០ចំណុច យ៉ាងទូលំទូលាយ របស់លោក ត្រាំ បានអំពាវនាវឱ្យមានការបង្កើតរដ្ឋបាលអន្តរកាលនៅហ្គាហ្សា។ ក្រុមហាម៉ាស់ត្រូវបានគេរំពឹងថា នឹងដកអាវុធ ព្រមទាំងចាកចេញពីអភិបាលកិច្ច នៅក្នុងទឹកដីនេះ ដើម្បីឲ្យក្លាយទៅជាតំបន់ ដែលគ្មានការបំផ្លិចបំផ្លាញ និង គ្មានភេរវកម្ម៕

ប្រភពពី Aljazeera, AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner