សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងដោយវិស្វករ និងស្ថាបត្យករខ្មែរ ៩០% និងជាការវិនិយោគ ១០០% របស់ខ្មែរ
(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងដោយវិស្វករ និងស្ថាបត្យករខ្មែរ ៩០% និងជាការវិនិយោគ ១០០% ជារបស់ខ្មែរ ។ នេះជាការគូសបញ្ជាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង ២០០០លានដុល្លារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោយអាកាសយានដ្ឋាននេះ បានធ្វើប្រតិបត្តិការទទួលជើងហោះហើរបានជាង១ខែ ពោល គឺចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥មក ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេស មានមោទនភាពក្រៃលែង ដែល កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលនេះ ។ សម្ដេចថា ព្រលានយន្តហោះអន្តរជាតិថ្មីរបស់កម្ពុជា សាងសង់ឡើងដោយវិស្វករ និងស្ថាបត្យករខ្មែរ ៩០% និងជាការវិនិយោគ ១០០% របស់ខ្មែរ មិនមែនដូចការលើកឡើងថា ជារបស់បរទេសនោះទេ ។ សម្ដេច រំពឹងថា នៅពេលសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី២ នាពេលខាងមុខ នឹងប្រើប្រាស់កម្លាំងកូនខ្មែរ ជាវិស្វករ ស្ថាបត្យករ កម្មករខ្មែរសុទ្ធ១០០% ខណៈដំណាក់កាលទី១កន្លងទៅប្រើប្រាស់កម្លាំងពហុសាសន៍ និងមានកម្មករខ្មែរប្រមាណ៩០%នៃកម្លាំងសាងសង់ ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០លានដុល្លារអាមេរិក កើតចេញពីការវិនិយោគរួមគ្នា ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន OCIC សាងសង់នៅលើផ្ទៃដីសរុប ទំហំ២,៦០០ (ពីរពាន់ប្រាំមួយរយ) ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២៦គីឡូម៉ែត្រពីចំណុចកណ្ដាលរាជធានីភ្នំពេញ ផ្អែកតាមកម្មវិធីការងារ ដោយចំណាយពេលសាងសង់ចំនួនជាង៥ឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្ដង់ដា អន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះ ហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព ។
ការសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោនេះ ក៏មានការចូលរួមពីក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើនដូចជា ក្រុមហ៊ុនអង់គ្លេស, ក្រុមហ៊ុនកាណាដា, ក្រុមហ៊ុនហូឡង់, ក្រុមហ៊ុនកូរ៉េខាងត្បូង, ក្រុមហ៊ុនសឹង្ហបុរី, ក្រុមហ៊ុនមកពីប្រទេសចិនជាក្រុមហ៊ុន ព្រមទាំងក្រុមហ៊ុនម៉ៅការសាងសង់ និងផ្គត់ផ្គង់ជាតិ និងអន្តរជាតិផ្សេងៗជាច្រើនទៀត ។
ការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានចែកចេញជា ៣ដំណាក់កាល៖ ដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ សម្រាប់អ្នកដំណើរ១៥លាននាក់ ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ នឹងចាប់ផ្ដើមដំណាក់កាលទី២ អាចទទួលអ្នកដំណើរ៣០លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ ក្រោយឆ្នាំ២០៥០ សម្រាប់អ្នកដំណើរ ៥០លាននាក់ក្នុងមួយឆ្នាំ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ







