អាកាសយានដ្ឋានអន្តរជាតិតេជោ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសដទៃទៀត លើពិភពលោក
(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសដទៃទៀត លើពិភពលោក ជាពិសេសយុទ្ធាសាស្រ្ដបើកជំហរជើងមេឃរបស់កម្ពុជា ។ នេះជាការគូសបញ្ជាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង ២០០០លានដុល្លារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោយអាកាសយានដ្ឋាននេះ បានធ្វើប្រតិបត្តិការទទួលជើងហោះហើរបានជាង១ខែ ពោល គឺចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥មក ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្លូវអាកាស ជាមធ្យោបាយធ្វើដំណើរ ដឹកជញ្ជូនដ៏ចាំបាច់លើវិស័យទេសចរណ៍ កាទូត នយោបាយ និងវិស័យជាច្រើនទៀត ដែលមិនអាចខ្វះបាន ខណៈអាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះ អាចទទួលជើងយន្តហោះខ្នាតអន្តរជាតិជាច្រើន នៅជុំវិញពិភពលោក ខណៈបច្ចុប្បន្ន កម្ពុជា បានចុះកិច្ចព្រមព្រៀងហោះហើរត្រង់ជាមួយបណ្ដាប្រទេសជាច្រើន នៅលើពិភពលោក ហើយទៅថ្ងៃអនាគត កម្ពុជា នឹងទទួលបានជើងហោះហើរត្រង់ ពីបណ្ដាប្រទេសជាច្រើនទៀត តាមរយៈអាកាសយានដ្ឋានអន្តរជាតិថ្មីនាពេលនេះ ។
សម្ដេចធិបតី បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមិនមែនគ្រាន់តែជាច្រកទ្វារមួយទៅកាន់ពិភពលោកនោះទេ ក៏ជាកាតាលីករសេដ្ឋកិច្ច និងជានិមិត្តរូបរបស់ប្រទេសជាតិ ប្រជាជន ស្ថេរភាព សន្តិភាព និងវឌ្ឍនភាព របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និង សម្តេចធិបតី ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានជួយច្រើន ក្នុងការបង្កើតការងារផងដែរ ។
សម្ដេចនាយករដ្ឋមន្ដ្រី ជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចូលរួមជាកម្លាំងចលករ ក្នុងការទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគគិន មកកាន់កម្ពុជាកាន់តែច្រើនជាងពេលមុនជំងឺកូវីដ-១៩ ទៅទៀត ព្រោះមានសមត្ថភាពទទួលអ្នកដំណើរ ហើយយើងអាចទទួលជើងយន្ដហោះ ទាំងក្នុងតំបន់ និងជើងយន្ដហោះពីដំណាក់ឆ្ញាយ ឆ្លងទ្វប់មកកាន់កម្ពុជាផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




