Google នឹងវិនិយោគ ១៥ពាន់លានដុល្លារនៅឥណ្ឌា បង្កើតមជ្ឈមណ្ឌល AI
ញូវដែល្លី ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google នឹងវិនិយោគ ១៥ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា បង្កើតជាមជ្ឈមណ្ឌល AI ដ៏ធំបំផុត នៅក្រៅទឹកដីសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Google បាននិយាយ កាលពីសប្តាហ៍មុន ថា ខ្លួននឹងវិនិយោគ ១៥ ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខណៈដែលខ្លួនបានប្រកាសពីមជ្ឈមណ្ឌលទិន្នន័យដ៏ធំ និងមូលដ្ឋានបញ្ញាសិប្បនិម្មិត នៅក្នុងប្រទេសនេះ។
លោក Thomas Kurian នាយកប្រតិបត្តិ Google Cloud បាននិយាយ នៅក្នុងពិធីមួយក្នុងទីក្រុង New Delhi ថា «នេះគឺជាមជ្ឈមណ្ឌល AI ដ៏ធំបំផុត ដែលយើងកំពុងវិនិយោគ នៅគ្រប់ទីកន្លែង នៅខាងក្រៅសហរដ្ឋអាមេរិក»។
តម្រូវការឧបករណ៍ និងដំណោះស្រាយ AI ឬ បញ្ញាសិប្បនិម្មិត កំពុងកើនឡើង ក្នុងចំណោមអាជីវកម្ម និងបុគ្គល នៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានព្យាករណ៍ថា នឹងមានអ្នកប្រើប្រាស់អ៊ីនធឺណិត ច្រើនជាង ៩០០ លាននាក់ នៅចុងឆ្នាំនេះ។
លោក Kurian បានប្រកាសថា «ការវិនិយោគ ដើមទុន ចំនួន ១៥ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ និង មជ្ឈមណ្ឌល AI ខ្នាត Gigawatt នៅ Visakhapatnam ដែលជាទីក្រុងកំពង់ផែ ស្ថិតនៅក្នុងរដ្ឋ Andhra Pradesh ភាគអាគ្នេយ៍ ប្រទេសឥណ្ឌា»។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា លោកមានសេចក្តីសោមនស្សរីករាយ ដោយបន្ថែមថា «ការវិនិយោគនេះនឹងជួយ ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលរបស់យើង និង ធានាបាននូវតួនាទីរបស់ប្រទេសឥណ្ឌា ក្នុងនាមជាអ្នកដឹកនាំបច្ចេកវិទ្យាពិភពលោក»៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត